លោកTrump ឈ្នះ​ការ​បោះឆ្នោត​បឋម​ ៣​រដ្ឋ​ខណៈ​លោក Rubio ដក​ខ្លួន​ពី​ការប្រកួត

Bob Bolus អ្នក​គាំទ្រ​ម្នាក់​របស់បេក្ខជន​ប្រធានាធិបតី​​គណបក្ស​សាធារណរដ្ឋលោក Donald Trump ឲ្យ​មេដៃ​មួយ​ដល់​អ្នក​បើក​បរ​ខណៈដែល​ពួកគេ​ឆ្លង​កាត់​ Super Tuesdayនៅ​ក្រុង​​ Middleburg Heights​​ រដ្ឋ​ Ohio ​កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ ២០១៦។

បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក​ Donald Trump បាន​ឈ្នះ​ការបោះឆ្នោត​បឋម​ក្នុង​រដ្ឋ​ចំនួន​៣ កាល​ពី​ថ្ងៃ​អង្គារ រួម​ទាំង​រដ្ឋ​ Florida ដែល​ជា​រដ្ឋ​ដ៏​សំខាន់​មួយ​ដែរ។ ជ័យជម្នះ​របស់​លោក Trump បាន​បង្ខំ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​លោក Marco Rubio ដក​ខ្លួន​ពី​ការប្រកួត​នេះ ហើយ​បាន​បង្កើន​ចំនួន​ប្រតិភូ​សម្រាប់​លោក​ Trump កាន់តែ​ច្រើនឡើង​ លើ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​តិចសាស់ គឺ​លោក Ted Cruz ។

រដ្ឋ​តែ​មួយ​ប៉ុណ្ណោះ​ដែល​លោក​ Trump ចាញ់ គឺ​រដ្ឋ​ Ohio ដែល​នៅ​ទី​នោះ​អភិបាល​រដ្ឋ​គឺ​លោកJohn Kasich បាន​ទទួល​ជ័យជម្នះ​ជាលើកដំបូង​ក្នុង​រដ្ឋ​របស់​ខ្លួន​ផ្ទាល់ នៅក្នុង​ការ​ប្រកួត​ ដែល​អ្នក​ឈ្នះ​ ទទួល​បាន​ប្រតិភូ​ទាំង​អស់។

មហាសេដ្ឋី​អចលទ្រព្យ​លោក Donald Trump ឈ្នះ​នៅ​រដ្ឋ​ Florida ដោយ​សំឡេង​១៩ភាគរយ និង​ឈ្នះ​នៅ​រដ្ឋ North Carolina និង​រដ្ឋ llinois ដោយ​សំឡេង​ប្រកៀកប្រកិត​ជាមួយ​លោក Cruz ។

លោក Trump និង​លោក Cruz ខាង​គណបក្ស​សាធារណរដ្ឋ​ដូចគ្នា កំពុង​រង់ចាំ​មើល​លទ្ធផល​ក្នុង​រដ្ឋ Missouri ដែល​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​ពេក រហូតដល់​គេ​មិន​ទាន់​អាច​ប្រកាស​បាន​ថា​នរណា​ជា​អ្នក​ឈ្នះ​បាន​ទេ។

ដោយ​ព្យាយាម​បង្ហាញថា ​ការ​ប្រកួតឥឡូវ​នៅ​សល់​តែ​មនុស្ស​ពីរ​នាក់​នោះ លោក Cruz បាន​ថ្លែង​ថា ឥឡូវ​ដល់​ពេល​ ដែល​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ រួបរួម​គ្នា​ហើយ​ដោយ​លោក​ស្វាគមន៍​អ្នក​គាំទ្រ​លោក Rubio ឲ្យ​ចូល​ជាមួយ​លោក​វិញ។

រីឯ លោក​ Trump វិញក៏​បាន​ថ្លែង​ថា ឥឡូវ​ដល់​ពេល​ ដែល​គណបក្ស​សាធារណរដ្ឋ​រួបរួម​គ្នា​ជាធ្លុង​មួយ​ដែរ ដោយ​បាន​ប្តេជ្ញា​ថា​លោក​នឹង​មិន​ឈប់​ឡើយ​ដរាប​ណា​លោក​មិន​ទាន់​ឈ្នះ​ «នៅ​ទូទាំង​ប្រទេស» នោះ។

ចំណែក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ ដែលមិន​សូវ​មាន​ការ​បែក​ចែង​គ្នា​ខ្លាំង​ដូច​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ អតីត​រដ្ឋ​មន្ត្រី​ការបរទេស​លោកស្រី Hillary Clinton ឈ្នះ​នៅ​ក្នុង​រដ្ឋ​ចំនួន​៤ កាល​ពី​ថ្ងៃ​អង្គារ។

ជ័យជម្នះ​របស់​លោកស្រី នៅ​ក្នុង​រដ្ឋ​ Florida រដ្ឋ Illinois រដ្ឋ North Carolina និង​រដ្ឋ Ohio រឹតតែ​បង្កើន​ចំនួន​ប្រតិភូ​ ដែល​លោកស្រី​ទទួល​បាន​យ៉ាង​ច្រើន លើស​សមាជិក​ព្រឹទ្ធសភា លោក Bernie Sanders រួច​ទៅ​ហើយ។

ប៉ុន្តែ​ ការ​ប្រកួត​របស់​បេក្ខជន​ទាំង​ពីរ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នេះ នៅ​ក្នុង​រដ្ឋ Missouri ក៏​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​ពេក រហូតដល់​គេ​មិន​ទាន់​អាច​ប្រកាស​បាន​ថា ​នរណា​ជា​អ្នក​ឈ្នះ​បាន​នៅ​ឡើយ​ទេ៕