លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិយាយថា សហរដ្ឋអាមេរិក នឹងដឹងនៅសប្តាហ៍ក្រោយថាតើជំនួបកំពូលរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា នៅក្នុងប្រទេសសិង្ហបុរីទៅតាមការគ្រោងទុកដែរឬទេ។
លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍កាលពីថ្ងៃពុធថា «ជំនួបកំពូលនោះអាចជាការល្អធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា។ ប្រសិនបើ យើងទៅចូលរួមសន្និសីទកំពូលនោះ វានឹងក្លាយជាការដ៏អស្ចារ្សសម្រាប់កូរ៉េខាងជើង»។
កូរ៉េខាងជើងបានប្រាប់ឲ្យដឹងថា ខ្លួនប្រហែលលុបចោលជំនួបនោះបណ្តាលមកពីការខ្វែងគំនិតគ្នាលើលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកចំពោះការធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរដោយឯកតោភាគី។
ប្រធានាធិបតីត្រាំបាននិយាយកាលពីថ្ងៃអង្គារក្នុងអំឡុងនៃជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ដែលបំពេញទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា សន្និសីទកំពូលនោះប្រហែលមិនធ្វើឡើងនៅខែក្រោយនោះទេ។
ប្រធានាធិបតីត្រាំបាននិយាយទៀតថា «ប្រសិនបើសន្និសីទនោះមិនកើតមានឡើងទេ វាប្រហែលនឹងកើតមានឡើងនៅពេលក្រោយ»។
ប្រធានាធិបតីត្រាំបាននិយាយបន្តទៀតថា «មានលក្ខខណ្ឌខ្លះដែលយើងចង់បាន។ ខ្ញុំគិតថា យើងនឹងទទួលបានលក្ខខណ្ឌទាំងនោះ»។
នៅពេលដែលគេសួរអំពីលក្ខខណ្ឌនោះ ប្រធានាធិបតីត្រាំបានឆ្លើយតបថា «ខ្ញុំមិនគួរនិយាយទេ»។ ក៏ប៉ុន្តែ លោកប្រធានាធិបតីបានថ្លែងថា ការគ្មានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវតែកើតមានឡើង៕