ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានរដ្ឋាភិបាលតួកគីថា ប្រទេសតួកគីនឹងប្រឈមនឹងមហន្តរាយសេដ្ឋកិច្ច ប្រសិនបើប្រទេសនេះវាយប្រហារលើពួក Kurd នៅពេលដែលសហរដ្ឋអាមេរិកដកទ័ពចេញពីប្រទេសស៊ីរី។
លោក Trump បានសរសេរនៅលើ Twitter កាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា៖ «ដូចគ្នាដែរ ខ្ញុំក៏មិនចង់ឲ្យពួក Kurd ទៅបង្ករឿងជាមួយនឹងប្រទេសតួកគីនោះទេ»។
លោក Trump បានសរសេរបន្តដោយមិនផ្ដល់ព័ត៌មានលម្អិតថា៖ «ត្រូវបង្កើតតំបន់សុវត្ថិភាពរង្វង់ ៣២ គីឡូម៉ែត្រ»។
លោកបានបន្ថែមថា៖ «ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងស៊ីរីគឺជាអ្នកទទួលបានផលប្រយោជន៍ច្រើនបំផុតពីគោលនយោបាយរយៈពេលវែងរបស់សហរដ្ឋអាមេរិកនៅក្នុងការបំផ្លាញពួក ISIS នៅក្នុងប្រទេសស៊ីរី»។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយពួក Kurd គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាមេរិក នៅក្នុងការវាយប្រយុទ្ធជាមួយនឹងពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។
រដ្ឋាភិបាលតួកគីបានបញ្ជាក់ថា កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយពួក Kurd នេះ មានទំនាក់ទំនងជាមួយនឹងបក្សពលករ Kurdistan ដែលវាយប្រយុទ្ធនៅក្នុងសង្គ្រាមឈ្លបដ៏យូរអង្វែងមួយ ដើម្បីឲ្យពួក Kurd មានស្វ័យភាពជាងមុននៅក្នុងប្រទេសតួកគី។
តួកគីចាត់ទុកពួកបក្សពលករ Kurdistan នេះថាជាក្រុមភេរវកម្ម ហើយគេឃើញមានការភ័យខ្លាចថា ប្រទេសតួកគីនឹងវាយប្រហារពួកយុទ្ធជន Kurd នៅក្នុងប្រទេសស៊ីរី នៅពេលដែលសហរដ្ឋអាមេរិកដកកងទ័ពចេញ៕