លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានណែនាំឲ្យជំនួយការរបស់លោកចាប់ផ្តើមដំណើរការដាក់ពន្ធគយបន្ថែមទៀតលើទំនិញរបស់ចិនដែលមានទឹកប្រាក់ ២០០ពាន់លានដុល្លារបើទោះបីជាលោករដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក Steven Mnuchin មានបំណងធ្វើការចរចាឡើងវិញជាមួយចិនអំពីដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មនេះក៏ដោយ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃសុក្រ។
សាព័ត៌មានReutersមិនទាន់អាចបញ្ជាក់អំពីសេចក្តីរាយការណ៍នេះបាននៅឡើយទេ ដែលចំណាត់ការនេះបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារហរិញ្ញវត្ថុ។ ចំណាត់ការនេះបានបណ្តាលឲ្យទីផ្សារពាណិជ្ជកម្មសហរដ្ឋអាមេរិកធ្លាក់ចុះ និងបានធ្វើឲ្យប្រាក់យ័នរបស់ចិនធ្លាក់ចុះថែមទៀតនៅក្នុងការធ្វើពាណិជ្ជកម្មក្រៅប្រទេស។
ចំណាត់ការនេះបានធ្វើឡើងក្រោយមួយសបា្តហ៍បន្ទាប់ពីលោក ត្រាំ បានលើកឡើងពីលទ្ធភាពនៃការដាក់ពន្ធគយទៅលើទំនិញនាំចូលដែលមានទឹកប្រាក់២០០ពាន់លានដុល្លារ និងបានគំរាមដាក់ពន្ធគយបន្ថែមទៀតលើទំនិញមានតម្លៃ២៦៧ពាន់លានដុល្លារផងដែរ។
លោក ត្រាំ បានតំឡើងពន្ធគយរួចទៅហើយលើទំនិញរបស់ចិនដែលមានតម្លៃ៥០ពាន់លានដុល្លារ។ កាលពីឆ្នាំមុនសហរដ្ឋអាមេរិកបាននាំចូលទំនិញពីប្រទេសចិនដែលគិតជាទឹកប្រាក់ចំនួន៥០៥ពាន់លានដុល្លារតែប៉ុណ្ណោះ។
ប៉ុន្តែក្នុងឆ្នាំ២០១៨នេះ បើគិតពីដើមឆ្នាំរហូតដល់ខែកក្កដា ការនាំចូលទំនិញពីប្រទេសចិនបានកើនឡើងជិត៩ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក៕