ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​និង​ម៉ិកស៊ិក​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ


លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ កំពុង​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ម៉ិកស៊ិក Enrique Pena Nieto លើ​បញ្ហា​ពាណិជ្ជកម្ម​នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក​និង​ម៉ិកស៊ិក​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​ធ្វើ​ឲ្យ​ប្រទេស​កាណាដា​ក្លាយ​ជា​ប្រទេស​ឯកោ​ នៅ​ក្នុង​ការ​ព្យាយាម​ពិនិត្យ​ឡើង​វិញ​ឬ​ជំនួស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ដែល​ហៅ​កាត់​ថា NAFTA។ នេះ​បើ​យោង​តាម​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ។ ​

លោក ត្រាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា កិច្ចព្រមព្រៀង​ថ្មីនេះ​នឹង​ត្រូវហៅ​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក-ម៉ិកស៊ិក។

លោក ត្រាំ ថ្លែង​ថា «យើង​នឹង​ដក​ឈ្មោះ NAFTA ចេញ។ វា​គឺ​ជា​ឈ្មោះ​ដ៏​អាក្រក់​មួយ ដោយសារ​តែ​សហរដ្ឋអាមេរិក​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ពី​កិច្ចព្រមព្រៀង NAFTA នេះ»។ ​

ថ្លែង​ដោយ​មាន​វត្តមាន​របស់​អ្នក​កាសែត​នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ពេល​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​ម៉ិកស៊ិក ​លោក Enrique Pena Nieto លោក ត្រាំ បាន​និយាយ​ថា «វា​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ​សម្រាប់​ពាណិជ្ជកម្ម។ វា​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ​សម្រាប់​ប្រទេស​របស់​យើង‍»។

មេដឹកនាំ​ម៉ិកស៊ិក​រូប​នេះ​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​នឹង «ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង NAFTA‍» ប្រសើរ​ជាង​មុន ខណៈ​ដែល​វោហារសាស្ត្រ​របស់​លោក ត្រាំ បង្ហាញ​ថា លោក​មើល​ឃើញ​ថា កិច្ចព្រមព្រៀង​ដែល​មាន​អាយុកាល​២៤​ឆ្នាំ ដោយ​មាន​ប្រទេស​ចំនួន​បី​ចុះ​ហត្ថលេខា​នេះ បាន​ស្លាប់​ហើយ។

លោក ត្រាំ បាន​និយាយ​ទៅ​កាន់​លោក Pena Nieto ថា «យើង​នឹង​មាន​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​មួយ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ‍»​ អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ៕

XS
SM
MD
LG