លោក​ Trump ប្តេជ្ញា​ថា​លោក​នឹង​បន្ត​យុទ្ធនាការ​របស់​លោក

លោក Donald Trump ថ្លែង​នៅ​យុទ្ធនាការ​ជួបជុំ​គ្នា​មួយ​នៅ​ក្នុង​ក្រុង Panama រដ្ឋ Florida កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​លោក​ Donald Trump ប្តេជ្ញា​ថា​ លោក​នឹង​បន្ត​យុទ្ធនាការ​របស់​លោក​រហូត​ដល់​សប្តាហ៍​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ប្រជែង​ចូល​កាន់​តំណែង​នៅ​ក្នុង​សេតវិមាន។​

លោក​ Trump ប្តេជ្ញា​បន្ត​យុទ្ធនាការ​របស់​លោក​បើ​ទោះ​បី​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ឈប់​គាំទ្រ​យុទ្ធនាការ​របស់​លោក​ ក្រោយ​មាន​ការ​រីករាលដាល​នូវ​វីដេអូ​កាល​ពី​ឆ្នាំ ២០០៥​ ដែល​លោក​ Trump បាន​ថ្លែង​ដោយ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅ​លើ​ស្ត្រី​ និង​បៀតបៀន​កេរ្តិ៍​ខ្មាស់​ទៅ​លើ​ស្ត្រី​នោះ។​

លោក​ Trump បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​កាលពី​ថ្ងៃ​ពុធ​នៅ​រដ្ឋ​ Florida ថា៖ «ខ្ញុំ​ខឹង​នឹង​សមាជិក​គណបក្ស​សាធារណៈ​មួយ​ចំនួន​ជា​ខ្លាំង»។

មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​បាន​ចោទ​ប្រកាន់​អ្នក​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ទាំង​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ​ ថា​បាន​ការពារ​ដៃគូ​ប្រជែង​របស់​លោក​គឺ​លោក​ស្រី​ Hillary Clinton ​ក្នុង​បទ​ចោទ​ប្រកាន់​ក្នុង​ការ​ការពារ​សន្តិសុខ​ជាតិ​នៅ​ក្នុង​បណ្តាញ​អ៊ីម៉ែល​ឯកជន​របស់​លោកស្រី​ ក្នុង​ខណៈ​ពេល​ដែល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​រយៈ​ពេល​៤ឆ្នាំ។​ ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ហៅ​សកម្មភាព​របស់​លោកស្រី​ថា​ជា​ សកម្មភាព​ដ៏​ធ្វេស​ប្រហែស​ខ្លាំង​ ប៉ុន្តែ​មិន​មាន​ដីកា​ណា​មួយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ទង្វើ​របស់​លោកស្រី។​

លោក​បាន​ប្រកាស​ថា៖ «ពួក​យើង​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុម​ស៊ើប​អង្កេត​ទាំង​នោះ។​ តើ​ពួក​គេ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ក្នុង​ការ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ឬ​យ៉ាង​ណា?​ លោកស្រី​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្មោះ​ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​តំណែង​ប្រធានាធិបតី​នោះ​ទេ៕