លោក Trump ប្តេជ្ញា​បន្ត​ការ​ប្រយុទ្ធ​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី

រូប​ឯកសារ៖ លោក​ប្រធានាធិបតី​ Donald Trump ស្តាប់​សំណួរ​ពី​អ្នក​សារព័ត៌មាន​ម្នាក់ នៅ​ក្នុង​ពិធី​មួយ​​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧​ ខែ​ធ្នូ ឆ្នាំ​២០២០។

កាល​ពី​ថ្ងៃ​ទី៩​ធ្នូ លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ប្តេជ្ញាថា ​នឹងបន្ត​ការ​ប្រយុទ្ធ​ដើម្បីបង្អាក់​ជ័យជំនះ​លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោតនៅ​ក្នុងការ​បោះឆ្នោត​ទូទាំង​ប្រទេស​កាល​ពីខែ​មុន នៅ​ក្នុង​ករណី​ថ្មីមួយ​ក្នុង​តុលាការ​កំពូលនៅ​ក្រោយតុលាការ​ជាន់​ខ្ពស់​នេះ បានច្រាន​ចោល​ការប៉ុនប៉ងមួយ​ដើម្បី​ប្រែ​ក្រឡះជ័យជំនះសំខាន់​របស់​លោក Biden នៅ​ក្នុង​រដ្ឋ​ មាន​ការ​ប្រជែង​ខ្លាំងក្នុង​ប៉ែក​ខាង​កើត​ប្រទេស ​គឺ​រដ្ឋ Pennsylvania។

នៅ​ក្នុង​បទបញ្ជាខ្លីមួយ​កាល​ពី​ថ្ងៃទី៨ ខែ​ធ្នូ តុលាការ​កំពូល​ បានច្រាន​ចោល​សំណើមួយរបស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ Pennsylvania ឱ្យ​ប្រែ​ក្រឡះជ័យជំនះរបស់លោក​ Biden ក្នុង​រដ្ឋនេះ ដោយលោក​មានសន្លឹក​ឆ្នោត​គាំទ្រ​៨ម៉ឺន ​១ពាន់ លើស​លោក Trump។ នេះ ​ជា​លើក​ដំបូង​ហើយ​ដែល​តុលាការ​កំពូល​របស់ប្រទេស​ បាន​ថ្លឹង​ថ្លែងអំពី​ការ​បោះឆ្នោត​នេះ។ ក៏​ប៉ុន្តែ​ ការ​សម្រេច​នេះ ​ជាការ​ចាញ់ក្តី​ថ្មី​បំផុត​ក្នុងបណ្តា​ការ​ចាញ់ក្តីនៅ​ទូទាំងប្រទេសសម្រាប់​លោក Trump និង​ពួក​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក ​នៅ​ពេល​លោកប្រឹងប្រែង​ឱ្យ​បានកាន់​តំណែង​មួយ​អាណត្តិ​ទៀត​ដែល​មានរយៈពេល​បួន​ឆ្នាំ។

ពាក្យ​បណ្តឹង​ជា​ច្រើនក្នុងតុលាការ ​កើត​មាន​ឡើង​នៅ​ពេលដែល​អង្គបោះឆ្នោត​ដែល​កំណត់​អ្នក​ឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ត្រូវទៅ​បោះឆ្នោត​នៅថ្ងៃ​ចន្ទ ទី១៤ធ្នូ ​ថា ​នរណា​ជា​អ្នក​មានជ័យជំនះ ហើយ​ទំនង​ជា​នឹង​បញ្ជាក់អំពីការ​មានប្រៀប​របស់​លោក Biden គឺ៣០៦ ទល់នឹង​២៣២។ នេះ​ជាការមានប្រៀបដូច​ដែលលោក​ Trump មាននៅ​ក្នុងការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦ នៅ​ពេល​លោក​បានប្រកា​សថា ​លោក​បាន​ឈ្នះ​«ភ្លូក​ទឹក​ភ្លូកដី» លើ​លោកស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ។

នៅ​ក្រោយសភាពិនិត្យ​មើលនិងបញ្ជាក់​ថា លទ្ធផលនៃ​អង្គ​បោះឆ្នោតជា​ការត្រឹមត្រូវអាចយក​ជា​ការ​បាន​នៅ​ថ្ងៃទី៦ ខែ​មករា លោក​ Biden មានកំណត់​នឹងធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ពីរ​សប្តាហ៍បន្ទាប់មក ​គឺ​នៅម៉ោង១២​ថ្ងៃ​ត្រង់​ថ្ងៃ២០ ខែមករា ​នៅលើ​ជណ្តើរ​វិមានសភា​កាពី​តូល។

លោក Trump បាននិយាយថា លោក​នឹងធ្វើ​អន្តរាគមន៍នៅក្នុង​បណ្តឹង​ថ្មី​មួយ នៅ​ក្នុង​តុលាការកំពូល​ដាក់​ដោយ​លោក Ken Paxton រដ្ឋមន្ត្រីយុត្តិធ៌ម​អភិរក្សនិយម​នៃរដ្ឋ Texas ដែល​ស្វះស្វែង​ប្រែក្រឡះជ័យ​ជំនះ​លោក Biden នៅក្នុងរដ្ឋ Georgia Wisconsin Michigan និង​រដ្ឋ Pennsylvania។ បណ្តឹង​នេះ ផ្អែក​លើ​ការអះអាង​មួយ​ចំនួនអំពី​ភាពមិន​ប្រក្រតី​នៃការបោះឆ្នោត​និងការរាប់​សន្លឹក​ឆ្នោត​ដែល​បាន​ត្រូវ​ច្រាន​ចោល​ភាគច្រើននៅ​ក្នុង​ករណី​បណ្តឹង​ដាច់​ដោយឡែកនៅ​ក្នុងតុលាការ​រដ្ឋ និង​តុលាការ​សហព័ន្ធ។

លោក Trump បាន​ពោល​អះអាងតាម​ Twitter ថា «មានភ័ស្តុតាង​ជា​ច្រើន​នៃការគៃ​បន្លំ​នៅ​ក្នុង​រដ្ឋ​បួនដែល​មានចែង​នៅ​បណ្តឹងរដ្ឋ Texas។ សូមស្តាប់ខ្សែ​អាត់​ថត​សំឡង​និងឯកសារថ្លែង​សច្ចា​ទាំងអស់!»

លោក Trump បានថ្លែង​ថា «ក្នុង​ពេលឆាប់ៗ​នេះ យើង​នឹង​យល់​អំពី​ពាក្យ​«ក្លាហាន»​និងជួយ​ស្រោចស្រង់​ប្រទេសយើង។ នៅ​ក្នុង​រដ្ឋមាន​ការ​ប្រជែង​ខ្លាំង​ ខ្ញុំ​បាន​ទទួល​សន្លឹក​ឆ្នោតស្របច្បាប់​រាប់​សែន ច្រើន​ជាងគូ​ប្រជែង​របស់​ខ្ញុំ។ ទិន្នន័យ​ទាំង​អស់បាន​មក​ពី​ការបោះឆ្នោត​បង្ហាញ​ថា ខ្ញុំ​មិន​អាចចាញ់​ទេ លើកលែង​តែ​មានការបន្លំ!»។

លោក Paxton បាន​អះអាង​ថា​ ពួកមន្ត្រី​រៀបចំ​ការបោះឆ្នោតនៅក្នុង​រដ្ឋ​ទាំង​បួន​ដែល​លោក​ប្តឹង ​បានប្រើ​ការរាតត្បាត​នៃជំងឺ​កូវីដ១៩ ជា​ហេតុផលដែល​មិន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ដើម្បី​ជៀសវាង​អង្គការនីតិ​បញ្ញត្តិរបស់​រដ្ឋ​ពួកគេ​ ក្នុង​ការកំណត់​បទ​បញ្ញត្តិនៃការបោះឆ្នោត «ដែល​នាំឱ្យសេចក្តី​សុចរិតនៃ​ការបោះឆ្នោតខ្សោយ»។

ពាក្យ​បណ្តឹង​របស់​លោក Paxton ​សុំ​ឱ្យ​តុលាការកំពូលពន្យា​ពេលការបោះឆ្នោត​របស់​អង្គ​បោះឆ្នោតនៅ​ថ្ងៃ​ចន្ទ ទី​១៤​ ខែធ្នូ ​ហើយ​ច្រាន​ចោល​ក្រុម​អ្នក​បោះឆ្នោតនៅ​ក្នុង​រដ្ឋទាំង​បួន ដែល​បានប្តេជ្ញា​បោះឆ្នោតជូនលោក​ Biden ពីព្រោះលោក​បានឈ្នះក្នុង​សំឡេង​ឆ្នោត​សរុប​នៅ​ក្នុង​រដ្ឋទាំង​នេះ។ លោកបាន​សុំដល់​តុលាការ​កំពូលអនុញ្ញាតឱ្យ​សភា​របស់​រដ្ឋ​តែងតាំងអ្នក​បោះឆ្នោត​ដែលចាត់ទុក​ថា ជា​អ្នក​គាំទ្រ​លោក Trump។

តុលាការកំពូលបានទុក​ពេល​ឱ្យ​រដ្ឋទាំង​បួន​នេះឆ្លើយ​តប​នឹង​បណ្តឹង​លោក Paxton រហូត​ដល់​ថ្ងៃទី១០ ខែធ្នូ​ តែរដ្ឋមន្ត្រីយុត្តិធម៌​នៃរដ្ឋ​ទាំង​នេះ​ បង្អាប់កិច្ច​ខិតខំប្រឹងប្រែង​ខាង​ផ្លូវ​ច្បាប់​របស់លោក Paxton ថា គ្មាន​មូលដ្ឋាន។

ស្ត្រី​អ្នក​នាំ​ពាក្យនៃ​រដ្ឋមន្ត្រី​យុត្តិធម៌ខាងគណបក្ស​សាធារណរដ្ឋ​លោក Chris Carrនៃ​រដ្ឋ Georgia បាន​និយាយ​ថា«លោក​រដ្ឋមន្ត្រី​យុត្តិធ៌មរដ្ឋ Texas យល់​ខុស​អំពី​រដ្ឋធម្មនុញ្ញ អំពី​ផ្លូវ​ច្បាប់​និង​អំពីការ​ពិត​ជាក់​ស្តែង​អំពី​រដ្ឋ Georgia»។

លោក​ស្រី​ Dana Nessel រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​ Michigan លោក Josh Shapiro រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​ Pennsylvania និង​លោក Josh Kaul រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​ Wisconsin ដែលសុទ្ធ​តែ​ជា​ពួកប្រជាធិបតេយ្យ បាន​ហៅបណ្តឹង​របស់​លោក Paxton ថា ​ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​«​ធ្វើ​ឱ្យ​សាធារណជន​យល់​ច្រឡំ​និង​ហែក​ចោល​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​យើង»។

ក្រុម​រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​ទាំង​នេះ ​បានថ្លែងថា«ដល់​ពេល​ដែលលោក​ប្រធានាធិបតី​ និង​ក្រុម​មន្ត្រីរដ្ឋ​និង​ក្រុម​មន្ត្រីជាប់​ឆ្នោត​ឯទៀត ឈប់​ធ្វើ​ឱ្យ​សាធារណជន​យល់​ច្រឡំ​អំពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ហើយ​ទទួល​ស្គាល់ថា​ លទ្ធផលបញ្ជាក់​ថា​ត្រឹមត្រូវនៅ​ក្នុង​រដ្ឋ​យើងឆ្លុះបញ្ចាំង​សេចក្តី​សម្រេច​ដោយ​ពួក​អ្នក​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោតដោយ​សេរី​ មាន​ភាពយុត្តិធម៌ និងមាន​សន្តិសុខ​ថែម​ទៀតផង»។

លោក Stephen Vladeck ជា​សាស្ត្រាចារ្យខាង​ច្បាប់​រដ្ឋធម្មនុញ្ញនៅ​សាកល​វិទ្យាល័យ​ Texas។ លោក​បាននិយាយ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែងខាងផ្លូវច្បាប់​របស់​លោក Paxton នៅ​ក្នុង​ Twitter ថា «មើលទៅ​ដូច​ជា​យើង​មាន​មេដឹកនាំ​ថ្មី​ម្នាក់​នៅ​ក្នុង​«បណ្តឹង​ភ្លីភ្លើបំផុត​ ដែល​ដាក់​ក្នុង​តុលាការដើម្បីប្រឆាំង​នឹង​លទ្ធផលនៃ​ការ​បោះឆ្នោតនេះ»។

លោក Richard Hasen ដែលជាអ្នក​ជំនាញ​ខាងការបោះឆ្នោត​នៅសាកលវិទ្យាល័យ​California នៅ​ Irvine បានហៅ​ពាក្យ​បណ្តឹង​របស់​លោក Paxton ថា ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ក្លែង​បន្លំជា​បណ្តឹង​។ លោក​បាន​និយាយ​បែបនេះ​ នៅ​ក្នុង blog មួយ​ពន្យល់អំពី​ទស្សនៈលោក​អំពី​ហេតុអ្វី​បានជា​លោក​យល់​ថា​ បណ្តឹង​នេះ​នឹង​ទទួល​បរាជ័យ​។

ប្រែសម្រួលដោយលោក ឈឹម​ សុមេធ

ព័ត៌មានថ្មី៖ វីអូអេ បាន​បញ្ចូលព័ត៌មានបន្ថែម ពីកថាខណ្ឌទី ៥ ដល់ ទី១៥