ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋ Georgia ​ច្រានចោល​ការអះអាង​របស់​លោក​ Trump ​អំពី​ការលួច​បន្លំ​ការបោះឆ្នោត


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ចូលរួម​ក្នុង​កម្មវិធី​ឃោសនាបោះឆ្នោត​មួយ​សម្រាប់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ពីរ​នាក់​ នៅ​ក្រុង Valdosta រដ្ឋ Georgia ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

កាលពី​ថ្ងៃ​អាទិត្យ​ មន្ត្រី​ក្នុង​រដ្ឋGeorgia ​បាន​ច្រានចោល​ការអះអាង​របស់​លោក​ប្រធានាធិបតី​ Donald Trump ​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ថា​លោក Joe Biden ​ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ Georgia ​ដោយសារ​ការលួច​បន្លំ។

លោក Brad Raffensperger ​មន្ត្រី​កំពូល​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Georgia ​បាន​បញ្ជាក់​ក្នុង​កម្មវិធី ​«This Week» ​របស់​ទូរទស្សន៍ ​ABC News ​ថា ​ក្នុង​នាម​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​អភិរក្ស​និយម​ម្នាក់ ​លោក​ខកចិត្ត​ដែល​លោក Trump ​បាន​ចាញ់​ឆ្នោត​នៅ​រដ្ឋ Georgia ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​សម្តែង​មតិ​នៅ​ក្នុង​ការបោះឆ្នោត​នេះ​ហើយ ​«យើង​មិន​ឃើញ​មាន​អ្វី​ដែល​នឹង​កែប្រែ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​បានទេ»។

កាល​ពី​ថ្ងៃ​សៅរ៍​ លោក Trump ​បាន​ទូរស័ព្ទ​ទៅ​រក​អភិបាល​រដ្ឋ Georgia ​លោក Brian Kemp ​ដោយ​បាន​ជំរុញ​ឲ្យ​លោក Kemp ​កោះ​ប្រជុំ​សភា​របស់​រដ្ឋ Georgia ​ដើម្បី​ឲ្យ​សមាជិក​សភា​ប្រើ​អំណាច​ច្រានចោល​លទ្ធផល​បោះឆ្នោត ​និង​តែងតាំង​អង្គ​បោះឆ្នោត​ដែល​អាច​គាំទ្រ​លោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​ The Washington Post។

ប៉ុន្តែ លោក Kemp បាន​បដិសេធ​សំណើ​របស់​លោក Trump៕

XS
SM
MD
LG