ឆ្លើយតបទៅនឹងការបាញ់ប្រហារក្នុងសហរដ្ឋអាមេរិក លោកប្រធានាធិបតីដូណាល់ ត្រាំ សន្យានឹងដោះស្រាយឲ្យបានឆាប់រហ័ស ថ្កោលទោសពួកប្រកាន់ពូជសាសន៍ស្បែកស ហើយបានអំពាវនាវឲ្យមានពិនិត្យឆែកឆេរប្រវត្តិរូបយ៉ាងខ្លាំងចំពោះការទិញកាំភ្លើង។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីត្រាំ មិនបានគាំទ្រច្បាប់ត្រួតត្រាអាវុធដែលធ្វើឲ្យមានការរកាំចិត្តដល់ពួកអ្នកគាំទ្រដែលចង់ឲ្យមានច្បាប់នោះ។ លោកប្រធានាធិបតី ក៏មិនបានឆ្លើយតបទៅនឹងពួកអ្នករិះគន់ដែលនិយាយថា វោហាសាស្ត្រប្រឆាំងជនអន្តោប្រវេសន៍ដ៏ក្តៅគគុករបស់លោក បានធ្វើឲ្យមានបរិយាកាសអាប់អួរនេះ។
ប្រធានាធិបតីត្រាំ បានធ្វើសុន្ទរកថានៅឯសេតវិមានកាលពីថ្ងៃចន្ទ បន្ទាប់ពីការបាញ់ប្រហារ២នៅក្នុងរយៈពេល១៣ម៉ោងពីគ្នាមួយនៅក្នុងទីក្រុង El Paso នៃរដ្ឋតិចសាស និងមួយទៀតនៅទីក្រុង Dayton រដ្ឋអូហៃយ៉ូ ដែលក្នុងនោះខ្មាន់កាំភ្លើង បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៣១នាក់ហើយនិងធ្វើឲ្យរាប់សិបនាក់ទៀតរងរបួស។
លោកប្រធានាធិបតីត្រាំ បាននិយាយថា «ក្នុងសំឡេងតែមួយ ប្រទេសរបស់យើងត្រូវតែថ្កោលទោសការប្រកាន់ពូជសាសន៍ មនុស្សដែលចាត់ទុកខ្លួនគ្រាន់បើចាងគេនិងពួកស្បែកសជាតិនិយម»។
នៅក្នុងសុន្ទរកថារបស់លោកកាលពីព្រឹកថ្ងៃចន្ទ ប្រធានាធិបតីត្រាំ ក៏បានផ្តោតលើជំងឺសសៃប្រសាទ អំពើហិង្សាក្នុងបណ្តាញព័ត៌មាន និងក្នុងវីដេអូហ្គេម។ លោកក៏បានព្រមានពីភាពគ្រោះថ្នាក់នៃប្រព័ន្ធ អ៊ីនធឺណិត និងបណ្តាញព័ត៌មានសង្គមដែរ៕