លោក Trump ឃោសនា​នៅ​រដ្ឋ Florida និង North Carolina រី​ឯ​លោក Biden បញ្ចេញ​សារ​ឃោសនា​ថ្មី

លោក Donald Trump ប្រធានាធិបតីអាមេរិក (ឆ្វេង) និងលោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ​សំខាន់​ពីរ គឺ​រដ្ឋ Florida និង North Carolina កាល​ពី​ថ្ងៃ​អង្គារ ចំណែក​ឯ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden វិញ បាន​បញ្ចេញ​សារ​ឃោសនា​បោះឆ្នោត​ថ្មី ដែល​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​ក្នុង​រដ្ឋ​សំខាន់ៗ ដែល​មាន​ឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

មុន​ពេល​ចាកចេញ​នៅ​ថ្ងៃ​អង្គារ លោក Trump បាន​និយាយ​ថា យុទ្ធនាការ​របស់​លោក​ដំណើរការ​បាន «យ៉ាង​ល្អ​ប្រសើរ» ហើយ​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ដែល​លោក​បាន​ឃើញ​គឺ «ល្អ​ណាស់»។

លោក​ក៏​បាន​ថ្លែងអំពី​អំពើ​ហិង្សា​តាម​ដង​ផ្លូវ​ដែល​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ប្រឆាំង​ការ​រើងអើង​ជាតិសាសន៍​នៅ​តាម​ទីក្រុង​ជាច្រើន​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផងដែរ ដោយ​ថា លោក Biden «ពុំ​មាន​កម្លាំង» និង​«សមត្ថភាព​ផ្លូវ​ចិត្ត​ដើម្បី​គ្រប់គ្រង» ស្ថានការណ៍​នេះ​ទេ។

យុទ្ធនាការ​របស់​លោក Biden បាន​បញ្ចេញ​វីដេអូ​ផ្សព្វផ្សាយ​ថ្មី​មួយ​រយៈពេល ៦០ វិនាទី នៅ​ក្នុង​រដ្ឋ​សំខាន់ៗ ដោយ​ព្យាយាម​បង្ហាញ​ថា ការ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​លើក​នេះ គឺជា​ជម្រើស​រវាង «ពិភព​ងងឹត» នៃ​ការ​កាន់​អំណាច​របស់​លោក Trump និង​លទ្ធភាព​នៃ «ការ​ចាប់ផ្ដើមថ្មី» មួយ។

នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​នោះ អ្នក​ពណ៌នា​បរិយាយ​ថា៖ «នេះ​គឺជា​ឱកាស​របស់​យើង​ក្នុង​ការ​បោះបង់​ចោល​នូវ​ពិភព​ងងឹត ៤ ឆ្នាំ​កន្លង​មក ដើម្បី​បញ្ចប់​កំហឹង ការ​ប្រមាថ ការ​បែកបាក់ អំពើ​ហិង្សា និង​ដើម្បី​ចាប់ផ្ដើម​ជា​ថ្មី​នៅ​ក្នុង​សហរដ្ឋអាមេរិក។ យើង​អាច​ឈប់​ផ្ដោត​លើ​ប្រធានាធិបតី​ដែល​គិតតែ​ពី​ខ្លួន​ឯង និង​ចាប់ផ្ដើម​ផ្ដោត​លើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ប្រទេស​របស់​យើង»៕