ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃពុធបានព្រមានប្រទេសអ៊ីរ៉ង់ថានឹងមាន «ផលប៉ះពាល់យ៉ាងខ្លាំង» ប្រសិនបើអ៊ីរ៉ង់ចាប់ផ្តើមផលិតអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបនឹងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលមានបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នោះ។
ក្នុងសុន្ទរកថានៅឯសេតវិមាន លោក Trump បានថ្លែងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសារជាថ្មីលើអ៊ីរ៉ង់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបង្ខំឲ្យអ៊ីរ៉ង់យល់ព្រមចរចាក្នុងកិច្ចព្រមព្រៀងថ្មីមួយ អំពីការបាញ់សាកល្បងកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួន និងសកម្មភាពយោធាក្នុងប្រទេសស៊ីរី យេម៉ែន និងប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានចោទប្រកាន់អ៊ីរ៉ង់ថាបានបង្កើត «ភាពវឹកវរ និងការស្លាប់» នៅក្នុងតំបន់។
លោក Trump បានថ្លែងបន្តថា «យើងនឹងចរចាកិច្ចព្រមព្រៀងដ៏ល្អមួយ បើមិនដូច្នេះទេយើងនឹងមិនបង្កើតកិច្ចព្រមព្រៀងអ្វីទាំងអស់»។ លោក Trump បានទទួលស្គាល់ថា «សហរដ្ឋអាមេរិកប្រហែលជានឹងអាចធ្វើបានល្អជាមួយពួកគេ ប៉ុន្តែវាគ្មានបញ្ហាសម្រាប់លោកទេ»។
លោក Trump នៅបន្តរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលត្រូវបានចរចាដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama ដោយលោកបានហៅកិច្ចព្រមព្រៀងនេះថាជា «កិច្ចព្រមព្រៀងដែលអាក្រក់មិនគួរបង្កើតនោះទេ»៕