ត្រាំ៖ វាជា​ការ​អាក់​អន់​ចិត្ត​ខ្លាំង​បំផុត ​បើ​កូរ៉េខាង​ជើង​បន្ត​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ

រូបឯកសារ៖ ប្រធានាធិបតី​ ត្រាំ និង​មេដឹកនាំកូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ដើរនៅ​លើ​សួន​ច្បារ​នៃ​សណ្ឋាគារ Metropole ក្នុង​ជំនួប​លើក​ទី​២ នៅ​វៀតណាម កាល​ពី​ខែ​មករា ២០១៩។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​បាន​និយាយ​ថា ​លោក​«នឹងមាន​ការ​អាក់​អន់​ចិត្ត​ខ្លាំង​បំផុត» ​ប្រសិន​បើ​កូរ៉េខាង​ជើង​បន្ត​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​ បន្ទាប់​ពី​ជំនួប​កាល​ពី​ពេល​ថ្មីៗ​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ​ជុង​អ៊ុន។

ប្រធានា​ធិបតី​ ត្រាំ ​បាន​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​កាន់​ពួក​អ្នក​យកព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​ដែល​លោក​ប្រុង​ប្រៀប​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​អាឡាបាម៉ា​ ដើម្បី​ពិនិត្យ​មើល​ការ​ខូច​ខាត​ដោយ​ព្យុះ​សង្ឃរា Tornado។ លោក​ប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​លោក​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំងនូវ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​កូរ៉េខាង​ជើង ​ក្នុង​អំឡុង​ពេល​នៃ​ការ​កាន់​ដំណែង​របស់​លោក។

លោកប្រធានា​ធិបតី​ត្រាំ ​ថ្លែង​បន្ត​ទៀត​ថា៖ «ចូរមើល! ពេល​ខ្ញុំ​ចូល​កាន់​ដំណែង​នៅ​ក្រោម​រដ្ឋ​បាល​របស់​អូបា​ម៉ា កូរ៉េខាង​ជើង​ស្ថិត​ក្នុង​មហន្តរាយ។ យើង​នឹង​មាន​សង្គ្រាម មិន​ដឹងថា ​តើ​លោក​អ្នក​បាន​ដឹង​ពី​បញ្ហា​នេះ​ឬទេ។ ខ្ញុំ​បាន​ទទួល​កេរ​ដំណែល​ដ៏​អាក្រក់»។

ប្រធានាធិបតី​ ត្រាំ និយាយ​ថា៖ «ឥឡូវ​នេះ ​កូរ៉េខាង​ជើង​មិន​បាន​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​ទេ។​ ចូរ​ចាំ​មើល​នឹង​មាន​អ្វី​កើត​មាន​ឡើង ​ក៏ប៉ុន្តែ ​ខ្ញុំ​នឹង​មាន​ការ​រកាំ​ចិត្ត​បំផុត ​ប្រសិនបើខ្ញុំ​បាន​ឃើញការ​សាក​ល្បង​នោះ»។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ បានប្រាប់​ឲ្យ​ដឹង​ជា​លើក​ទី១​កាលពី​ថ្ងៃ​សុក្រ​ថា​ ជំនួប​កំពូល​នោះ​មិន​បាន​ជឿន​លឿន​ទៅ​មុខ​ទេ ​ហើយ​ពលរដ្ឋ​កូរ៉េខាង​ជើង​បាន​ស្តី​បន្ទោស​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​គ្មាន​កិច្ច​ព្រម​ព្រៀង​នោះ៕