ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានស្វាគមន៍វិធានការរបស់សហរដ្ឋអាមេរិកក្នុងការកំណត់ប្រទេសកូរ៉េខាងជើងឡើងវិញថាជារដ្ឋគាំទ្រអំពើភេរវកម្ម ដើម្បីដាក់សម្ពាធហិរញ្ញវត្ថុ និងការទូតបន្ថែមទៀតលើរដ្ឋាភិបាលផ្ដាច់ការរបស់ប្រទេសនេះ។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនយល់ថា ការសម្រេចនេះ «គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិដើម្បីធ្វើឲ្យប្រទេសកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរ»។
ដោយហៅរដ្ឋាភិបាលក្រុងព្យុងយ៉ាងថាជា «របបឃោរឃៅ» ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា៖ «រឿងនេះគួរតែធ្វើឡើងតាំងពីរាប់សិបឆ្នាំមុនម្ល៉េះ»។
វិធានការនេះ ដែលនឹងត្រូវប្រកាសជាផ្លូវការដោយក្រសួងការបរទេសនៅថ្ងៃអង្គារនេះ បានចាត់ប្រទេសកូរ៉េខាងជើងចូលទៅក្នុងបញ្ជីរដ្ឋគាំទ្រអំពើភេរវកម្មរបស់ក្រសួងការបរទេសឡើងវិញ។ នាពេលបច្ចុប្បន្ននេះ ប្រទេសដែលស្ថិតនៅក្នុងបញ្ជីនេះគឺប្រទេសអ៊ីរ៉ង់ ស៊ីរី និងស៊ូដង់។
មន្ត្រីក្រសួងការបរទេសម្នាក់បាននិយាយថា រដ្ឋបាលរបស់លោក Trump បានចាត់ទុករដ្ឋាភិបាលក្រុងព្យុងយ៉ាងថា «បានផ្ដល់ការគាំទ្រម្ដងហើយម្ដងទៀតសម្រាប់សកម្មភាពភេរវកម្មអន្តរជាតិ» ដែលក្នុងនោះមានទាំងការលួចធ្វើឃាតមនុស្សនៅលើទឹកដីបរទេសផងដែរ។
លោករដ្ឋមន្ត្រីការបរទេស Rex Tillerson បាននិយាយថា ការដាក់ទណ្ឌកម្មនានាដែលបានដាក់រួចមកហើយប្រឆាំងនឹងកូរ៉េខាងជើង កំពុងមានឥទ្ធិពល។ លោកក៏បានបញ្ជាក់បន្ថែមថា ក្ដីសង្ឃឹមសម្រាប់ផ្នែកការទូតនៅតែមានផងដែរ៕