ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ បានសរសេរនៅលើប្រព័ន្ធ Twitter ដើម្បីអំពាវនាវជាថ្មីម្ដងទៀត ឲ្យមានការហាមឃាត់ការធ្វើដំណើរពី «ប្រទេសគ្រោះថ្នាក់» មួយចំនួន។ ស្របពេលជាមួយគ្នានោះដែរ លោកបានរិះគន់អ្វីដែលលោកយល់ថាជាកិច្ចប្រឹងប្រែងក្នុងការប្រើប្រាស់ភាសាត្រឹមត្រូវផ្នែកនយោបាយ ដើម្បីធ្វើឲ្យបទបញ្ជាប្រធានាធិបតីពីដំបូងរបស់លោក មានលក្ខណៈធូរស្រាលជាងមុន ដើម្បីរារាំងប្រជាពលរដ្ឋមកពីប្រទេសមួយចំនួនដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម មិនឲ្យចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក។
លោក Trump បានសរសេរយ៉ាងដូច្នេះថា៖ «យើងត្រូវការឲ្យមានការហាមឃាត់ការធ្វើដំណើរចូលក្នុងទឹកដីសហរដ្ឋអាមេរិក សម្រាប់ប្រទេសគ្រោះថ្នាក់មួយចំនួន គឺមិនមែនត្រូវការពាក្យពេចន៍ត្រឹមត្រូវផ្នែកនយោបាយមួយចំនួន ដែលមិនបានជួយយើង ក្នុងការការពារប្រជាពលរដ្ឋរបស់យើងនោះទេ»។
លោក Trump បានសរសេរដូច្នេះ បន្ទាប់ពីលោកបានសរសេរនៅលើប្រព័ន្ធ Twitter នេះដែរ កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញ អំពីរឿងការហាមឃាត់ការធ្វើដំណើរនេះ ដោយបានរិះគន់ក្រសួងយុត្តិធម៌ថាបានធ្វើឲ្យបទបញ្ជាហាមឃាត់ការធ្វើដំណើរនេះមានលក្ខណៈធូរស្រាលជាងមុន ដែលបទបញ្ជាប្រធានាធិបតីនេះ ត្រូវបានលោក Trump ចុះហត្ថលេខា បន្ទាប់ពីបទបញ្ជាស្ដីពីការហាមឃាត់ការធ្វើដំណើរនេះច្បាប់ដើមបំផុតរបស់លោក ត្រូវបានតុលាការជំទាស់។
បទបញ្ជាហាមឃាត់ការធ្វើដំណើរដំបូងបង្អស់របស់លោក Trump បានហាមឃាត់ប្រជាពលរដ្ឋមកពីប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី លីប៊ី យេម៉ែន សូម៉ាលី និងស៊ូដង់ មិនឲ្យចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក រយៈពេល ៩០ ថ្ងៃ និងហាមឃាត់មិនឲ្យជនភៀសខ្លួនមកពីប្រទេសស៊ីរី ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក ដោយផ្ដល់ការលើកលែងចំពោះជនជាតិភាគតិច ដែលកាន់សាសនាផ្សេងៗ។ ចំពោះច្បាប់កែសម្រួលថ្មីនៃបទបញ្ជានេះវិញ គឺបានដកប្រទេសអ៊ីរ៉ាក់ចេញពីបញ្ជីហាមឃាត់នេះ ហើយបានកំណត់ការហាមឃាត់ចំពោះជនភៀសខ្លួនស៊ីរីរហូតដល់ ១២០ ថ្ងៃវិញ និងដកចេញនូវការលើកលែងចំពោះជនជាតិភាគតិច ដែលកាន់សាសនាផ្សេងៗ៕