ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ទាហានរហូតដល់ទៅ ១ ម៉ឺន ៥ ពាន់នាក់ អាចនឹងត្រូវបញ្ជូនទៅកាន់ព្រំដែនសហរដ្ឋអាមេរិកជាប់ប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់ដំណើរជាក្រុមរបស់ជនចំណាកស្រុកមកពីបណ្ដាប្រទេសនៅតំបន់អាមេរិកកណ្ដាល ដែលភាគច្រើននៃអ្នកទាំងនេះចង់ស្វែងរកសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក។
លោក Trump បាននិយាយថា៖ «ជនចំណាកស្រុកទាំងនោះគឺជាក្រុមមនុស្សគ្រោះថ្នាក់»។ លោកនិយាយដូច្នេះបន្ទាប់ពីបានហៅជនទាំងនោះកាលពីលើកមុនថាជា «ក្រុមឧក្រិដ្ឋជនអាក្រក់បំផុត»។
ប៉ុន្តែស្ត្រីម្នាក់មកពីប្រទេសអែលសាល់វាឌ័រ និងជាអ្នកស្ថិតក្នុងក្រុមជនចំណាកស្រុកទាំងនោះ បាននិយាយថា នាង និងអ្នកដទៃទៀតគឺមិនមែនជា «ឧក្រិដ្ឋជន» នោះទេ។
នាងនិយាយដូច្នេះថា៖ «ពួកយើងមិនមែនទៅសហរដ្ឋអាមេរិកដើម្បីលូច ឬក៏បង្កការឈឺចាប់ចំពោះនរណាម្នាក់នោះទេ។ ពួកយើងចង់ធ្វើការដោយប្រើដៃទាំងពីរ ហូរញើស ដើម្បីរកប្រាក់បន្តិចបន្តួច។ ពួកយើងបួងសួងដល់ព្រះជាម្ចាស់ឲ្យជួយពួកយើងបានទៅដល់ទីនោះ និងបានការងារធ្វើ»។
ចំនួនទាហានទាំង ១ ម៉ឺន ៥ ពាន់របស់លោក Trump នេះគឺច្រើនជាងទាហានដែលកំពុងឈរជើងនៅព្រំដែនទៅទៀត ដែលទាហានដែលកំពុងឈរជើងនៅព្រំដែនសព្វថ្ងៃមានចំនួនប្រហែល ៥ ពាន់ ២ រយនាក់ រួមជាមួយនឹងឆ្មាំល្បាតព្រំដែនចំនួន ២ ពាន់ ១ រយនាក់ទៀត។
ក្រសួងការពារប្រទេសអាមេរិកបានប្រាប់ VOA ថា ទាហានប្រហែល ២ ពាន់នាក់ទៀត នឹងត្រូវដាក់ត្រៀមបម្រុងដើម្បីជួយដល់ទាហានដែលកំពុងឈរជើងនៅព្រំដែន។
ករណីនេះនឹងធ្វើឲ្យចំនួនទាហានសរុបដែលដាក់ពង្រាយនៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកច្រើនជាងចំនួនទាហានដែលកំពុងវាយប្រយុទ្ធក្រុមភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីទៅទៀត៕