នៅក្រោយមានការអំពាវនាវយ៉ាងរំជើបរំជួលពីពួកសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតខ្លះរបស់ប្រទេសអាមេរិកនិងពួកសមាជិកនៃរដ្ឋបាលគាត់ផ្ទាល់មក នៅថ្ងៃសុក្រនេះប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ទំនងជានឹងមិនអំពាវនាវឱ្យមានការបោះបង់ចោលកិច្ចព្រមព្រៀងបរមាណូមានរយៈពេលពីរឆ្នាំមកហើយជាមួយប្រទេសអ៊ីរ៉ង់ទេ នៅពេលដែលគាត់លាតត្រដាងឱ្យដឹងអំពីយុទ្ធសាស្ត្រទូទៅមួយមានភាពប្រឈមជាងមុនចំពោះរដ្ឋាភិបាលក្រុងតេហេរ៉ង់។
នៅព្រឹកថ្ងៃសុក្រនេះ សេតវិមានបានប្រកាសថា ដោយមានការពិគ្រោះយោបល់ជាមួយក្រុមសន្តិសុខជាតិរបស់គាត់ ប្រធានាធិបតី ត្រាំ «បានយល់ព្រមដល់យុទ្ធសាស្ត្រថ្មីមួយសម្រាប់ប្រទេសអ៊ីរ៉ង់»។
ពួកសមាជិកសភាស.រ.អា.និយាយថា នៅពេលដែលលោក ត្រាំ លែងទទួលស្គាល់អ្វីដែលគេស្គាល់ថាជាផែនការទូលំទូលាយរួមនៃសកម្មភាពហៅកាត់ថា JCPOA គាត់នឹងមិនសុំឱ្យសភាដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់ទេ។
លោក Chris Coons សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យនិងជាសមាជិកម្នាក់នៃគណៈកម្មាធិការទំនាក់ទំនងបរទេសបាននិយាយប្រាប់ទូរទស្សន៍ MSNBC ថា៖ «ប្រធានាធិបតី ត្រាំ បង្ហាញសញ្ញាអំពីការមិនចូលចិត្តខ្លាំងរបស់គាត់ដល់កិច្ចព្រមព្រៀងនេះ ក៏ប៉ុន្តែគាត់មិនបានចាត់វិធានការជាក់ច្បាស់ដើម្បីបំផ្លាញកិច្ចព្រមប្រៀងនេះឬបោះបង់ចោលវាទេ»។
ចាប់តាំងពីកិច្ចព្រមព្រៀងនេះបានអនុម័តព្រមកាលពីឆ្នាំ២០១៥ជាមួយប្រទេសអ៊ីរ៉ង់ដោយសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងសហភាពអឺរ៉ុបមក លោក ត្រាំ បានប្រឆាំងយ៉ាងខ្លាំងនឹងកិច្ចព្រមព្រៀងនេះ៕