នៅក្នុងការប្រជុំមហាសន្និបាតអ.ស.ប.នៅសប្តាហ៍ក្រោយ ប្រធានាធិបតី Donald Trump នឹងជំរុញករណីបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាកលដើម្បីឱ្យប្រទេសកូរ៉េខាងជើងនៅដាច់ពីគេ នេះបើតាមការប្រាប់ឱ្យដឹងដោយមន្ត្រីជាន់ខ្ពស់ពីរនាក់ដែលនិយាយថា Trump នឹងនិយាយបង្ហាញហេតុផលថាបរាជ័យនៃការទូតបង្កើនភាពទំនងនាំឱ្យមានសង្គ្រាម។
នៅក្នុងការនិយាយត្រួសៗប្រាប់ពួកអ្នកកាសែតនៅឯសេតវិមានកាលពីថ្ងៃសុក្រលោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអ.ស.ប.និងលោក H. R.McMaster ទីប្រឹក្សាសន្តិសុខជាតិស.រ.អា.បានស្វាគមន៍ចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នៅខែនេះក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសកូរ៉េខាងជើង ក៏ប៉ុន្តែមន្ត្រីទាំងពីរនាក់នេះបានថ្លែងដែរថាអាកប្បកិរិយាប្រទូស្តរ៉ាយរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងមានតទៅទៀត។
លោក McMaster បានមានប្រសាសន៍ថាគេត្រូវការឱ្យមានការគាំទ្រសាកលដល់ការទូតគាំពារដោយការពង្រឹងការដាក់ទណ្ឌកម្មខ្លាំងក្លាដើម្បីបញ្ចៀសកុំឱ្យមានអ្វីដែលលោកបានហៅថា «ជម្រើសយោធា»។
លោក McMaster បានថ្លែងប្រាប់ពួកអ្នកសារព័ត៌មានថា «អ្វីដែលយើងត្រូវធ្វើគឺអំពាវនាវដល់ប្រទេសជាតិទាំងអស់ អំពាវនាវដល់មនុស្សទាំងអស់ឱ្យធ្វើអ្វីៗដែលពួកគេអាចធ្វើបានដើម្បីដោះស្រាយបញ្ហាសាកលនេះដោយមិនចាំបាច់ធ្វើសង្គ្រាម»៕