ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​យល់​ព្រម​រក្សា​គំនិត​រៀងៗ​ខ្លួន​ចំពោះ​បញ្ហា​ពាណិជ្ជកម្ម

  • Brian Padden

លោក Kim Hyung-chong រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។

កាលពី​ចុង​ខែ​សីហា ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​ជិត​ដិត​នានា។ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​រិះគន់​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​អាយុកាល​៥ឆ្នាំ​រវាង​កូរ៉េ​និង​អាមេរិក ថា​ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​មួយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ដល់​ទៅ​២៧​ពាន់​លាន​ដុល្លារ​ដល់​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ឆ្នាំ​មុន ហើយ​លោក​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក​នឹង​ធ្វើ​ការ​ចរចា​ឡើង​វិញ ឬ​លុប​កិច្ចព្រម​ព្រៀង​នោះ​ចោល។

ការ​ព្រមព្រៀង​រក្សា​គំនិត​រៀង​ខ្លួន

ដោយ​មាន​ការ​ជំរុញ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កិច្ចប្រជុំ​ពិសេស​ដំណាក់​កាល​ដំបូង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២២ ខែ​សីហា តាម​រយៈការ​សន្ទនា​តាម​វីដេអូ​រវាង​លោក Kim Hyun-chong រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ត្បូង និង​សមភាគី​របស់​លោក​គឺ​ លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក ដើម្បី​ចរចា​លើ​ការ​កែប្រែ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម។

បន្ទាប់​ពី​ពេល​នោះ​មក រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ភាគី​ទាំង​សង​ខាង​ខ្វែង​គំនិត​គ្នា​លើ​ភាព​ចាំបាច់​ក្នុង​ការ​កែប្រែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម។

លោក​រដ្ឋ​មន្ត្រី ​Kim Hyun-chong​ បាន​និយាយ​ថា៖ «យើង​យល់​ថា ភាគី​ទាំង​សង​ខាង​បានខ្វែង​គំនិតគ្នា​លើ​អានុភាព​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក ​មូល​ហេតុ​នៅ​ពី​ក្រោយ​នៃ​ឱនភាព​ពាណិជ្ជកម្ម​ និង​ភាព​ចាំ​បាច់​សម្រាប់​ការ​កែ​ប្រែ​កិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​កូរ៉េ​ អាមេរិក​នេះ»។

ក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​នៅ​តែ​រក្សា​ជំហរ​ថា ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​មិន​មែន​ដោយ​សារ​តែ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​សេដ្ឋកិច្ច​មិន​សូវ​ល្អ​របស់​កូរ៉េ​ខាង​ត្បូង ដែលតម្រូវ​ការ​សម្រាប់​ការ​នាំចូល​មាន​ការ​ធ្លាក់​ចុះ ហើយ​នេះ​ផ្ទុយ​ទៅ​នឹង​សេដ្ឋកិច្ច​អាមេរិក​ដែល​មាន​កំណើន​ខ្លាំង​ជាង។

លោក ​Chung Sye-kyun ​ប្រធាន​សភា​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា៖ «ក្នុង​រយៈពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​ទីផ្សារ​របស់​កូរ៉េ​ខាង​ត្បូង​មិន​ល្អទេ ដូច្នេះ​អាមេរិក​មិន​មាន​ឱកាស​ច្រើន​ក្នុង​ការ​លក់​ផលិតផល​របស់​ខ្លួន​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទេ។ ប្រសិន​បើ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ត្បូង​មាន​ភាព​ល្អ​ប្រសើរ ហើយ​សេដ្ឋកិច្ច​អាមេរិក​មិន​សូវ​ល្អ​វិញ​នោះ​ យើង​អាច​នឹង​មាន​ស្ថានភាព​ផ្ទុយ​ពី​នេះ»។

អ្នក​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ក៏​បាន​ប្រកែក​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​មាន​អត្ថប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​អាមេរិក និង​ពលករ​អាមេរិកាំង។ កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ដូចជា​ក្រុមហ៊ុន​ Samsung ​ដែល​ជា​ក្រុមហ៊ុន​អេឡិចត្រូនិច​ដ៏​ធំ និង​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai បាន​ជួល​ពលរដ្ឋ​អាមេរិកាំង​ចំនួន​៤៥.០០០​នាក់​ និង​បាន​រួម​ចំណែក​ទឹក​ប្រាក់​ចំនួន​១៣៨​ ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​អាមេរិក​ នេះ​បើ​យោង​តាម​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

ស្តង់ដារ​ពិសេស​របស់​កូរ៉េ

តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៣ ខែ​សីហា​ថា ខ្លួន​នឹង​បន្ត​កិច្ច​ចរចា​ទ្វេ​ភាគី​ដើម្បី​កែ​ប្រែ​កិច្ចព្រម​ព្រៀង​និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ «បទ​បញ្ញត្តិ​ដែល​ពិបាក​នឹង​អនុវត្ត​ដែល​ជា​រឿយៗ​មិន​រាប់​បញ្ជូល​ក្រុមហ៊ុន​អាមេរិកាំង​ ឬ​បាន​កំណត់​តម្លៃ​លើ​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន​អាមេរិកាំង» ដែល​នេះ​ជា​បញ្ហា​ចម្បង​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា។

វិស័យ​ផលិត​រថយន្តទទួល​ខុស​ត្រូវ​ជិត​៨០ភាគ​រយ​នៃ​ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​ ដោយសារ​តែ​ការ​លក់​រថយន្ត​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​កំណើនយឺត​ ខណៈ​ដែល​ការ​លក់​រថយន្ត​របស់​កូរ៉េ​នៅ​ក្នុង​សហរដ្ឋ​អាមេរិកវិញ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ សហគមន៍​ពាណិជ្ជកម្ម​អាមេរិកាំង​បាន​បន្ទោស​លើ​ឱនភាព​នេះ​ថា​ មួយ​ផ្នែក​ដោយ​សារ​តែ​ការ​លើក​លែង​ពន្ធ​តាម​រយៈ​«ស្តង់ដារ​ពិសេស​របស់​កូរ៉េ»​ដែល​ជា​ញឹកញាប់​គេ​ភ្ជាប់​ទៅ​នឹង​បទបញ្ញត្តិ​បរិស្ថាន​ឬ​នីតិវិធី​នៃ​ការ​ធ្វើ​លិខិត​បញ្ជាក់ ដែល​ពួក​គេ​បាន​ដាក់​ដើម្បី​ការពារ​ទីផ្សារ​ក្នុង​ស្រុក។ ក្រុមហ៊ុន​បរទេស​នានា​ ក្រោយ​មក ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចំណាយ​ពេល​និង​ប្រាក់​យ៉ាង​ច្រើន​ហួស​ប្រមាណ​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បទបញ្ញត្តិ​ទាំង​នេះ​ដែល​ជា​ញឹកញាប់​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ ឬ​ការ​ពន្យល់​ច្បាស់​លាស់។

អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​សម្រាល​ស្ថានការណ៍​នៃ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​គ្នា​នេះ​ដោយ​ថា​ ការ​តវ៉ា​ស្ទើតែ​ទាំង​អស់​នេះ​ត្រូវ​បានដោះស្រាយ​តាម​រយៈ​ការ​ចរចា​ដោយ​មិន​ចាំបាច់​កែ​ប្រែ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នោះ​ទេ។

រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ខណៈ​ដែល​កិច្ច​ប្រជុំ​មិន​បាន​ឈាន​ដល់​ការ​យល់​ព្រម​គ្នា​ទៅ​លើ​វិធី​ដើម្បី​បន្ត​កិច្ចព្រម​ព្រៀង​នេះ ភាគី​ទាំង​ពីរ​ក៏​មិន​បាន​និយាយ​ពី​ការ​លុប​ចោល​កិច្ច​ព្រម​ព្រៀង​នោះ​ទេ។

កាសែត ​Korea Times នៅ​ក្នុង​ក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី​២៥ ខែសីហា បាន​ចេញ​ផ្សាយ​បទ​វិចារណកថា​មួយ​ ដោយ​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ថា៖ «ការ​វាយប្រហារ​ដ៏​ល្អ គឺ​ជា​ការ​ការពារ​ដ៏​ប្រសើរ​បំផុត» សម្រាប់កិច្ច​ចរចា​ពាណិជ្ជកម្ម​នា​ពេល​ខាង​មុខ។ កាសែត​នេះ​បាន​ណែនាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ដើម្បី​បន្ធូរ​បន្ថយ​ការ​ការពារ​កម្មសិទ្ធិបញ្ញា​និង​ច្បាប់​ទាក់​ទង​នឹង​ជម្លោះ​រវាង​វិនិយោគិន​និង​រដ្ឋ ហើយ​និង​គំរាម​ឲ្យកាត់​បន្ថយ​ការ​នាំចូល​ទំនិញ​កសិកម្ម​និង​ថាមពល ​ប្រសិន​បើ​ស្ថានភាព​មាន​ភាព​ចម្រូង​ចម្រាស​ខ្លាំង។

ការ​បែក​បាក់​ផ្នែក​ពាណិជ្ជកម្ម​ដ៏​ខ្លាំង​កើត​ឡើង​ចំ​ពេល​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សម្ព័ន្ធ​យោធា​ជិត​ដិត​ និង​ការ​គាំទ្រ​រួម​គ្នា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​លោក​ Kim Jong Un ឲ្យ​ចូល​តុ​ចរចា​អន្តរជាតិ​ដើម្បី​លុប​ចោល​កម្មវិធីអាវុធ​នុយក្លេអ៊ែរ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG