លោក Trump នឹង​រិះគន់​កូរ៉េ​ខាង​ជើង អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ធ្វើ​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ទៅ​កាន់​សារព័ត៌មាន នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ដំបូង​បង្អស់​របស់​លោក​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​រិះគន់​ខ្លាំងៗ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​សេតវិមាន​មួយ​រូប​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ដល់​អ្នក​សារព័ត៌មាន​នានា​អំពី​ចំណុច​ត្រួសៗ​នៃ​សុន្ទរកថា​របស់​លោក Trump។

នៅ​ថ្ងៃ​អង្គារ​នេះ លោក Trump នឹង​អំពាវនាវ​ឲ្យ​សមាជិក​នានា​នៃ​អង្គការ​សហប្រជាជាតិ​តតាំង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​នេះ និង​រារាំង​កម្មវិធី​ទាំង​នោះ​មុន​ពេល​ដែល​យោធា​កូរ៉េ​ខាង​ជើង​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំងក្លា​គួរ​ឲ្យ​ខ្លាច។ នេះ​បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់​មន្ត្រី​ដដែល​នោះ។

មន្ត្រី​រូប​នោះ​បាន​បន្ត​ទៀត​ថា លោក Trump ក៏​នឹង​ថ្លែង​ផង​ដែរ​អំពី​បញ្ហា​អ៊ីរ៉ង់ និង​ស្ថានភាព​តឹងតែង​រវាង​ទិសដៅ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ ជាមួយ​នឹង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់។

លោក Trump បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​នឹង​ដើរ​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៥ ជាមួយ​នឹង​ប្រទេស​ចំនួន ៥ ផ្សេង​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យល់​ថា ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​មិន​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ក្នុង​ការ​ត្រួត​ពិនិត្យ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​ពិសា​អាហារ​ពេល​ល្ងាច​ក្នុង​លក្ខណៈ​ការងារ​ជាមួយ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នានា​នៅ​តំបន់​អាមេរិកឡាទីន លោក Trump ក៏​បាន​ថ្លែង​ផង​ដែរ​អំពី​អស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា៕