ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ ស្នើ​ឲ្យ​មាន​កំណែទម្រង់​ខ្លាំងក្លា​ដើម្បី​កាត់​បន្ថយ​ការិយាធិបតេយ្យ​នៅ​អង្គការ​សហប្រជាជាតិ


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ជជែក​ជាមួយ​នឹង​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ មុន​កិច្ចប្រជុំ​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ចន្ទ បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​ជា​ច្រើន ដែល​លោក​និយាយ​ថា អាច​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ​អាច​ក្លាយ​ជា​កម្លាំង​ដ៏​អស្ចារ្យ​ជាងមុន​សម្រាប់​សន្តិភាព។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ចាប់​តាំង​ពី​ចូល​កាន់​តំណែង​កាល​ពី​៨​ខែ​មុន​មក មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ការិយាធិបតេយ្យ​នៃ​អង្គការដែល​មាន​ប្រទេស​ចំនួន​១៩៣​ជា​សមាជិក​នេះ បាន​ធ្វើ​ឲ្យ​អង្គការ​នេះ​មិន​អាច​ដំណើរការ​ឲ្យ​ល្អ​ប្រសើរ​បាន ហើយ​ថា ទីភ្នាក់ងារ​នេះ​មិន​ត្រូវ​បន្ត​ធ្វើ​ការ​របៀប​នេះ​ត​ទៅ​ទៀត​ទេ។

លោក ត្រាំ បាន​មាន​ប្រសាសន៍​ថា «យើង​ចង់​ឃើញ​អង្គការ​សហប្រជាជាតិ​ទទួល​បាន​ការ​ជឿជាក់​ពី​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ឡើង​វិញ។ ដើម្បី​សម្រេច​បាន​គោលបំណង​នេះ អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ទទួល​ខុសត្រូវ​លើការ​គ្រប់គ្រង​នូវ​គ្រប់​កម្រិត ការពារ​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់ និង​ផ្តោត​ទៅ​លើ​លទ្ធផល​ជាជាង​ដំណើរការ។

លោក ត្រាំ បាន​កោតសរសើរ​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ «ចំពោះ​ការ​លើកឡើង​នូវ​ទស្សនវិស័យ​សម្រាប់​ធ្វើ​កំណែ​ទម្រង់​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​អង្គការ​នេះ​អាច​បម្រើ​ដល់​ប្រជាជន​ទាំងអស់បាន»។ លោក​បានថ្លែងទៀតថា «យើង​គាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែង​របស់​អ្នក​ក្នុង​ការ​ពិនិត្យ​មើល​ទៅ​លើ​ប្រព័ន្ធ​ទាំង​មូល​ និង​ដើម្បី​ស្វែងរក​មធ្យោបាយ​ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិ​ប្រសើរ​ជាង​មុន​បាន​ទៅ​លើ​ការ​អភិវឌ្ឍ ការ​គ្រប់គ្រង សន្តិភាព និង​សន្តិសុខ»៕

XS
SM
MD
LG