លោក​ត្រាំ​និយាយ​ថា​មាន​ការ​ជឿន​លឿន​ខាង​ពាណិជ្ជកម្ម​ក្រោយ​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​​ចិន

ប្រធានាធិបតី​ ត្រាំ និយាយ​ទូរស័ព្ទ​​ កាល​ពី​ថ្ងៃទី​២៤ ធ្នូ ២០១៨។

ប្រធានាធិបតី​អាមេរិកលោក​ ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ថា លោក​បាន​ «សន្ទនា​តាម​ទូរស័ព្ទ​ដ៏​យូរ​និង​ល្អ»​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​ហើយ​ថា ​ មាន​«ការ​រីក​ចម្រើន​ធំធេង»​ខាង​ទំនាក់​ទំនងពាណិជ្ជ​កម្ម​អាមេរិក-ចិន។

ប្រទេស​ទាំង​ពីរ​បាន​ជាប់​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​ក្នុង​ឆ្នាំ​២០១៨​ ដោយ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ទំនិញ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។ ​

លោក ដូណាល់ ត្រាំ ​និង​លោក​ Xi Jinping ​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ទី១​ ខែ​ធ្នូ​និង​បាន​ព្រម​ព្រៀង​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ​ខណៈ​ភាគី​ទាំង​ពីរ​ចរចា​កិច្ច​ព្រម​ព្រៀង​ថ្មី។​ ប្រតិភូ​ពាណិជ្ជ​កម្មមក​ពី​ប្រទេស​ទាំង​ពីរ​នឹង​ជួប​ប្រជុំគ្នា​នៅ​ខែ​មករា ​ប៉ុន្តែ​កាល​បរិច្ឆេទ​សម្រាប់​កិច្ច​ចរចា​មិន​ទាន់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទេ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយ​ការណ៍​ថា ​លោក​ Xi Jinping ​បាន​ប្រាប់​លោកដូណាល់ ត្រាំ ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​លោក​ចង់​ឱ្យ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ចិន​ផ្អែក​លើ​«ការ​សម្រប​សម្រួល ​កិច្ចសហ​ប្រតិបត្តិការ​ និង​ស្ថិរភាព»។​

លោក ​ដូណាល់ ត្រាំ​ បាន​ត្អូញ​ត្អែរ​យូរ​ហើយអំពី​បញ្ហា​ឱនភាព​ពាណិជ្ជ​កម្ម​អាមេរិក​ជាមួយ​ប្រទេស​ចិន។ ​សហ​រដ្ឋ​អាមេរិក​ក៏​ចង់​ឱ្យ​ចិន​បង្ក្រាប​ការ​លួច​យក​កម្ម​សិទ្ធិ​បញ្ញា ​និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អយុត្តិ​ធម៌​ផ្សេង​ទៀត​ដែរ៕