សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋមួយរូបនិយាយថា មិនចាំបាច់ហៅសាក្សីមកបំភ្លឺបទល្មើសចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ ព្រោះតាមទស្សនៈរបស់លោក គណបក្សប្រជាធិបតេយ្យបានបង្ហាញភ័ស្តុតាងរបស់ពួកគេប្រឆាំងនឹងប្រធានាធិបតីរួចហើយ។ លោកថា បទល្មើសនេះមិនអាចចោទប្រកាន់ដកលោកប្រធានាធិបតីបានទេ ផ្ទុយទៅវិញវាគ្រាន់តែជារឿងមិនសមរម្យប៉ុណ្ណោះ។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Lamar Alexander បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «មិនចាំបាច់មានភ័ស្តុតាងបន្ថែមទៀតដើម្បីបញ្ជាក់ពីអ្វីដែលត្រូវបានបញ្ជាក់ច្បាស់ហើយនោះទេ ហើយវាមិនមែនជាបទល្មើសខ្ពស់ប្រឆាំងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលអាចចោទប្រកាន់ដកប្រធានាធិបតីបានទេ។ រដ្ឋធម្មនុញ្ញមិនផ្តល់អំណាចឱ្យព្រឹទ្ធសភាដកប្រធានាធិបតីចេញពីតំណែងនិងហាមគាត់មិនឲ្យលោកឈរឈ្មោះបោះឆ្នោតនៅឆ្នាំនេះ ដោយសារវិធានការមិនសមហេតុផលនេះទេ»។
ដើម្បីបោះឆ្នោតអនុញ្ញាតឱ្យសាក្សីផ្តល់សក្ខីកម្មនៅក្នុងការចោទប្រកាន់លោក ត្រាំ តម្រូវឲ្យមានសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋចំនួន៤រូបចូលរួមជាមួយក្រុមសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ និងអ្នកឯករាជ្យសរុបចំនួន៤៧ រូបនៅក្នុងព្រឹទ្ធសភា។
ប៉ុន្តែប្រសិនបើមានសំឡេងស្មើគ្នា ៥០-៥០ នោះប្រធានតុលាការកំពូលលោក John Roberts ដែលជាចៅក្រមគឺជាអ្នកបោះឆ្នោតសម្រេច។ ប៉ុន្តែដោយសារស្ថានភាពបែបនេះមិនធ្លាប់មានក្នុងការចោទប្រកាន់ពីមុនមក គ្មាននរណាម្នាក់ដឹងប្រាកដថា វានឹងទៅជាយ៉ាងណានោះទេ។ ការជំនុំជម្រះក្តីអាចនឹងបញ្ចប់នៅថ្ងៃសុក្រដោយឲ្យលោក ត្រាំ រួចផុតពីការចោទប្រកាន់ពីបទរំលោភអំណាច និងការរារាំងសភា។ ការកោះហៅសាក្សីរួមទាំងលោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិអាចពន្យារពេលការជំនុំជម្រះមួយសប្តាហ៍ឬយូរជាងនេះ៕