លោក​ដូណាល់ ត្រាំ​ថា លោក​នឹង​ប្រកាស​ពី​គណៈរដ្ឋមន្ត្រី និង​អាជីវកម្ម​របស់​លោក​នៅ​ថ្ងៃ​ខាង​មុខ

ប្រធានាធិបតីជាប់ឆ្នោតលោក​ដូណាល់ ត្រាំ​ថា លោក​នឹង​ប្រកាស​ពី​គណៈរដ្ឋមន្ត្រី និង​អាជីវកម្ម​របស់​លោក​នៅ​ថ្ងៃ​ខាង​មុខ។

ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Donald Trump និយាយ​ថា លោក​នឹង​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះអំពី​ការ​តែងតាំង​បេក្ខជន​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក និង​អំពី​អាជីវកម្ម​របស់​លោក ដែល​លោក​បាន​ប្រគល់​ឲ្យ​កូន​ប្រុស​ទាំង ២ របស់​លោក​ជា​អ្នក​គ្រប់គ្រង។

ការ​ប្រកាស​ដូច​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្ស៊ិលមិញ​នៅ​លើ​ទំព័រ Twitter របស់​លោក។ ហើយ​ការ​ប្រកាស​ដូច​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ មុន​ពេល​ដែល​លោក Trump បាន​លុប​ចោល​សន្និសីទ​កាសែត​របស់​លោក​អំពី​ថា​តើ​លោក​នឹង​ផ្ដាច់​ខ្លួន​ចេញ​ពី​អាជីវកម្ម​របស់​លោក​យ៉ាង​ដូច​ម្ដេច ដើម្បី​ផ្ដោត​លើ​កិច្ចការ​ជា​ប្រធានាធិបតី និង​ជៀសវាង​មិន​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​នោះ។

លោក Trump នៅ​តែ​បន្ត​ដំណើរ​ការ​ជ្រើសរើស​បេក្ខជន​សម្រាប់​គណៈរដ្ឋមន្ត្រី​របស់​លោក ដោយ​ក្នុង​នោះ លោក Rex Tillerson ដែល​ជា​ប្រធាន​ក្រុមហ៊ុន ExxonMobil ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

លោក Tillerson បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ប្រេង​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី និង​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin៕