ការ​លើក​ឡើង​របស់​លោក Trump ចំពោះ​ចិន​ទំនងជា​ប្ដូរ​ពី​ផ្អែមល្ហែម​ទៅ​ជូរចត់ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកនៅ​ទ្វីប​អាស៊ី

រូបភាព​ប្រធានាធិបតី​ត្រាំ​ស្ថិត​នៅ​ក្នុង​ប្រទេសចិន

ក្រោយ​ពី​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ទ្វីប​អាស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធ្វើ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ ដែល​អ្នក​ខ្លះ​អះអាង​ថា​ផ្ដោត​លើ​ការ​បញ្ជោរ និង​មិន​សូវ​មាន​សារៈសំខាន់​នោះ អ្នក​វិភាគ​នានា​និយាយ​ថា លោក​ប្រធានាធិបតី Donald Trump ឥឡូវ​នេះ​កំពុង​ថ្លឹងថ្លែង​នូវ​អ្វី​ដែល​លោក​បាន​សន្យា​ជា​យូរ​មក​ហើយ ដែល​នោះ​គឺ​ការ​ចាត់​វិធានការ​តឹងរ៉ឹង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​គ្នា។

នៅ​ពេល​នៅ​ក្នុង​ប្រទេស​ចិន លោក Trump បាន​និយាយ​ថា លោក​សរសើរ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​កេង​ផល​ប្រយោជន៍​ពី​សហរដ្ឋ​អាមេរិក ដែល​ការ​លើក​ឡើង​ដូច​នេះ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​ការ​ងឿង​ឆ្ងល់។

ដោយ​ថ្លែង​នៅ​ឯ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២៥០ ពាន់​លាន​ដុល្លារ​អាមេរិក លោក Trump បាន​និយាយ​ថា៖ «ខ្ញុំ​មិន​អាច​បន្ទោស​ប្រទេស​ចិន​បាន​ទេ។ តើ​អ្នក​ណា​អាច​បន្ទោស​ប្រទេស​មួយ​ដែល​អាច​កេង​ចំណេញ​ពី​ប្រទេស​មួយ​ទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​របស់​ខ្លួន​នោះ?»។

ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ផ្នែក​ពាក់​កណ្ដាល​នៃ​សារ​សំខាន់​មួយ​របស់​ដំណើរ​ទស្សនកិច្ច​របស់​លោក​តែ​ប៉ុណ្ណោះ។

ផ្នែក​ផ្សេង​ទៀត​នៃ​សារ​នោះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ដែល​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា APEC និង​ត្រូវ​បាន​លើក​ឡើង​ម្ដង​ទៀត​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក Trump បាន​និយាយ​ថា៖ «យើង​មិន​អាច​អត់ធ្មត់​ជាមួយ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​គ្នា ដែល​បាន​លួច​ការងារ ធនធាន និង​កម្មសិទ្ធិ​បញ្ញា​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ថ្ងៃ​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​កេង​ចំណេញ​ពី​លើ​នោះ​គឺ​ចប់​ហើយ»៕