លោក​ត្រាំចាត់​វិធានការ​ខ្លាំង​ប្រឆាំងអ៊ីរ៉ង់​ដោយ​​មិន​​ទទួល​ស្គាល់​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​របស់​អ៊ីរ៉ង់

លោក ដូណាល់ ត្រាំ ថ្លែង​អំពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ នៅ​សាល​ក្នុង​សេត​វិមាន កាល​ពី​ថ្ងៃទី​១៣ ខែ​តុលា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​ កំពុង​អំពាវនាវ​ឲ្យ​ចាត់​វិធាន ការ​ខ្លាំងៗ​ថ្មី​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ​ហើយ​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​ថា ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ចាស់​ដែល​មាន​ចំណាស់២ឆ្នាំ។ ក៏​ប៉ុន្តែ ​នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​គោល​នយោបាយ​ដ៏​សំខាន់​មួយ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ប្រធានា​ធិបតី​បាន​ឈប់អំពាវនាវ​ឲ្យ​បោះ​បង់​ចោល​នូវ​កិច្ច​ព្រម​ព្រៀង​នោះ។

​ថ្លែង​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​ស្តីពី​យុទ្ធ​សាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​មុនពេល​សុន្ទរកថា​របស់​លោកប្រធានា​ធិបតី ​លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Rex Tillerson បាន​បញ្ជាក់​ថា ​ចំណាត់ការ​របស់​លោក​ប្រធានា​ធិបតី​មិន​បាន​ផ្លាស់​ប្តូរ​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥ ​ដែល​បាន​ធ្វើ​ឡើង​ជាមួយ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​និង​សហភាព​អឺរ៉ុប​ទេ។

​ទោះ​យ៉ាង​ណា​ក៏​ដោយ ចំណាត់​ការ​របស់​ប្រធានា​ធិបតី​តម្រូវ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​សភា​ដើម្បី​ពិចារណា​ឡើង​វិញ​នូវ​ច្បាប់​ដើម្បី​ពិនិត្យ​មើល​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ឡើង​វិញ​ដែល​ហៅ​កាត់​ថា​ INARA។ INARA ​ជា​ច្បាប់​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​តម្រូវ​ឲ្យ​ប្រធានា​ធិបតី​បញ្ជាក់​ជា​រៀង​រាល់​៩០​ថ្ងៃ​ ថា​តើ​អ៊ីរ៉ង់​បាន​អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ដែល​ហៅ​ថា ​សកម្មភាព​នៃ​ផែនការ​ដ៏​ធំទូលាយ​រួម​គ្នា​ឬ ​JCPOA​ ដែរ​ឬ​ទេ។

​លោក​រដ្ឋ​មន្រ្តីការ​បរទេសសហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍ទៀត​ថា៖ «នេះ​ជា​ចំណាត់​ការ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ​ជា​ង​ចំណាត់​ការ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​ជា​មួយ​អ៊ីរ៉ង់​កាល​ពី​អតីតកាល។​ គោល​បំណង​នេះ​គឺ​ថា ​យើង​នឹង​ស្ថិត​នៅ​ក្នុងសកម្ម​ភាព​នៃ​ផែនការ​ដ៏​ធំទូលាយ​រួម​គ្នា​ឬ ​JCPOA​ ក៏​ប៉ុន្តែ ​លោក​ប្រធានា​ធិបតី​ត្រាំ​នឹង​មិន​ទទួល​ស្គាល់​នូវ​ក្រោម​កិច្ច​ព្រម​ព្រៀង​ INARA ​ទេ‍»៕