Washington Post៖ លោក​ ត្រាំ ប្រាប់ពួក​រុស្សី​កាលពី​ឆ្នាំ​២០១៧​ថា​លោក​មិន​ខ្វល់​អំពី​ការ​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ទេ

រូបឯកសារ៖ ប្រធានាធិបតី​ ដូណាល់ ត្រាំ (ស្ដាំ) និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជួប​គ្នា​ក្នុង​ជំនួប​ G20 នៅ​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ឆ្នាំ​២០១៧។

កាសែត​ Washington Post ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​និយាយ​ប្រាប់​មន្ត្រី​រុស្ស៊ី​ពីរ​នាក់​នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ឆ្នាំ២០១៧​ថា​ លោក​មិន​ខ្វល់​ខ្វាយ​អំពី​ការ​ជ្រៀត​ជ្រែករបស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ក្នុង​ការ​បោះ​ឆ្នោត​ស.រ.អា.ទេ។ បញ្ហា​នេះបាន​នាំ​ឱ្យ​ពួក​មន្ត្រី​សេតវិមាន​ដាក់​កម្រិត​ការ​ចូល​មើល​កំណត់​សម្គាល់​ទាំង​នេះ។

សារព័ត៌មាន​ Washington Post ​បាន​និយាយ​ដោយ​យោង​ដល់​ពួក​អតីត​មន្ត្រី​ដែល​បាន​ដឹង​អំពី​រឿង​នេះ​ថា​ សេចក្តី​សង្ខេប​នៃ​ការ​សន្ទនា​គ្នា​នៅ​ក្នុង​ជំនួប​របស់​លោក ត្រាំ​ ក្នុង​បន្ទប់​រាង​ពងក្រពើ​នៃ​សេតវិមាន​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​និង​ឯក​អគ្គ​រដ្ឋទូត​របស់​លោក​បាន​ត្រូវ​កម្រិត​ត្រឹមតែ​មន្ត្រី​ពីរ​បី​នាក់​នៅ​ក្នុង​ការ​ប៉ុន​ប៉ង

មួយ​ដើម្បី​ធ្វើ​កុំ​ឱ្យ​អត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​បាន​ត្រូវ​លាត​ត្រដាង​ឱ្យ​ដឹង​ជា​សាធារណៈ។

សេតវិមាន​មិន​បាន​ឆ្លើយ​តប​ជា​បន្ទាន់​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ​នៅ​ឡើយ​ទេ។​

ការ​ត្អូញ​ត្អែរ​ដោយ​អ្នក​ឆ្កឹះ​កកាយ​រឿង​សម្ងាត់​ម្នាក់​អំពី​ការ​និយាយ​គ្នា​តាមទូរ​ស័ព្ទ​កាល​ពី​ខែ​កក្កដា​ដែល​នៅ​ក្នុង​នោះ​លោក ត្រាំ​ បាន​សុំ​ឱ្យ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelenskiy​ ស៊ើប​អង្កេត​អំពី​លោក​ Joe Biden គូ​ប្រជែង​នយោបាយ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​ស្នូល​នៃ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​លោក​ ត្រាំ​ ដោយ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​ចាប់​ផ្តើម​ក្នុង​សប្តាហ៍​នេះ​ហើយ៕