លោក​ត្រាំ​នឹង​ចុះហត្ថលេខា​លើ​បទ​បញ្ជា​ស្តី​ពី​ជន​អន្តោ​ប្រ​វេសន៍​នៅ​ពេល​ដែល​មាន​ការ​រិះគន់​ពីការ​បំបែក​ក្រុម​គ្រួសារ

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ស្តី​ពី​គោលនយោបាយ​អន្តោប្រវេសន៍​ នៅ​ក្នុង​ការិយាល័យ Oval Office នៃ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​និយាយថា ​លោក​នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានា​ធិបតី​ស្តី​ពី​ជន​អន្តោ​ប្រវេសន៍​ដើម្បី​ដោះស្រាយ​បញ្ហាក្រុម​គ្រួសារ​ជន​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​បំបែក​នៅឯ​ព្រំដែន។

​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​នៅ​ឯ​សេតវិមាន​ថា «លោក​ចង់​រក្សា​ក្រុម​គ្រួសារ​ទាំង​នោះ​ឲ្យ​នៅជុំ​គ្នា។​យើង​នឹង​ចុះហត្ថលេខា​លើបទ​បញ្ជា​ប្រធានា​ធិបតី​នៅ​ពេល​បន្តិច​ទៀត​នេះ»។

អត្ថាធិប្បាយ​របស់​លោក​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​របាយការណ៍​ថា ​លោក​ស្រី Kirstjen Nielsen រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​បាន​ព្រៀង​ចំណាត់​ការ​បទ​បញ្ជា​ប្រធានាធិបតី​សម្រាប់​លោក​ត្រាំ​ដែល​នឹង​បញ្ជា​ក្រសួង​របស់​លោកស្រី​ឲ្យ​រក្សា​ក្រុម​គ្រួសារ​ឲ្យ​នៅ​ជុំ​គ្នា​ក្នុងកន្លែង​ឃុំឃាំង​បន្ទាប់​ពី​ពួកគេ​បាន​ត្រូវ​ឃុំ​ខ្លួន​នៅ​ចំណុច​ឆ្លងកាត់​ព្រំ​ដែន។

រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ​បាន​ស្ថិត​នៅ​ក្រោម​ការ​រិះគន់​អំពី​គោលនយោ​បាយ​របស់​ខ្លួន​បំបែក​ក្រុម​គ្រួសារ​ជន​ចំណាក​ស្រុក​នៅពេល​ដែល​ពួកគេ​បានឆ្លងកាត់​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​ភាគ​ខាង​ត្បូង​ខុស​ច្បាប់។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​ប្រធានា​ធិបតី​ត្រាំ​បាន​បន្ត​វាយប្រហារ​លើ​ការ​រិះគន់​មក​លើ​រូប​លោក​ទៅ​លើ​បណ្តាញ​ព័ត៌មាន​ និង​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​ចំពោះ​វិធី​ដែល​ពួកគេ​ពណ៌នា​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​ត្រាំ​ដើម្បី​បំបែក​ក្រុម​គ្រួ​សារ​ជន​ចំណាក​ស្រុក​នៅពេល​ដែល​ពួកគេ​ឆ្លងកាត់​ព្រំដែន​ខុស​ច្បាប់​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

​ប្រធានាធិបតី​ត្រាំ​បានអះអាង​ថា បណ្តាញ​ព័ត៌មានសហរដ្ឋ​អាមេរិក​មិន​បាន​និយាយ​ពី​សុវត្ថិភាព​និង​សន្តិសុខ​របស់​ប្រទេស​យើង​នៅពេល​ដែល​និយាយ​ពី​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។ ប្រធានា​ធិបតី​ត្រាំ​និយាយ​ទៀត​ថា ​ច្បាប់​អន្តោប្រ​វេសន៍​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​ទន់​ខ្សោយ​ និង​អាក្រក់​ជាង​គេ​បំផុត​នៅ​ពិភព​លោក​ហើយ​ថា ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​មិន​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្បាប់​នោះ៕