ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃច័ន្ទថា លោកនឹងបញ្ជូនកងកម្លាំងសហព័ន្ធទៅកាន់ទីក្រុងផ្សេងៗទៀតក្នុងសហរដ្ឋ អាមេរិក ខណៈដែលរដ្ឋាភិបាលសហព័ន្ធ បានបង្ក្រាបលើបាតុករដែលតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅក្នុងរដ្ឋ Oregon ដោយប្រើប្រាស់រថយន្តដែលគ្មានស្លាកលេខ និងកងកម្លាំងដែលមិនបានកំណត់អត្តសញ្ញាណ។ ការណ៍នេះបានធ្វើឲ្យប្រជាជនទូទាំងប្រទេសមានការខឹងសម្បារ។
លោក Trump ខាងគណបក្សសាធារណរដ្ឋ បានលើកឡើងថា ទីក្រុងមួយចំនួនដែលនឹងត្រូវបញ្ជូនកងកម្លាំងសហព័ន្ធទៅមានដូចជា ទីក្រុង New York ទីក្រុង Chicago ទីក្រុង Philadelphia ទីក្រុង Detroit ទីក្រុង Baltimore និងទីក្រុង Oakland។ លោក Trump បានគូសបញ្ជាក់ថា អភិបាលក្រុងទាំងនោះ គឺអ្នកប្រជាធិបតេយ្យសេរី។ អភិបាលក្រុង Chicago លោក Lori Lightfoot ជារឿយៗ រិះគន់លោក Trump តាមបណ្ដាញសង្គម Twitter។
លោក Trump បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា៖ «យើងនឹងបញ្ជូនកងកម្លាំងទៅ។ យើងមិនអាចឲ្យរឿងនេះ កើតឡើងនៅតាមទីក្រុងទាំងនោះបានទេ»។
ថ្នាក់ដឹកនាំរដ្ឋ និងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានក្នុងរដ្ឋ Oregon ក៏ដូចជាសមាជិកសភា បានស្នើឲ្យលោក Trump ដកកងកម្លាំងប៉ូលិសសម្ងាត់របស់ក្រសួងសន្ដិសុខមាតុភូមិ ចេញពីទីក្រុង Portland រដ្ឋ Oregon បន្ទាប់ពីវីដេអូនានាបានបង្ហាញពីកងកម្លាំងសហព័ន្ធដែលមិនត្រូវបានកំណត់អត្តសញ្ញាណ បានចាប់បាតុករ ហើយដាក់ពួកគេទៅក្នុងរថយន្តវ៉ែនពណ៌ខ្មៅបើកចេញទៅបាត់៕