ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​សើ្ន​ពី​លទ្ធភាព​នៃ​ការ​ស៊ើប​អង្កេត​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន

លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ទូរស័ព្ទ​មេដឹកនាំ​ចិន និង​ ជប៉ុន។

​ទោះបី​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​ស្វះ​ស្វែង​រក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជួយ​ពី​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង​ក៏ដោយ លោក​ប្រធានាធិបតី​ ត្រាំ ​មាន​ផែន​ការ​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​ប្រធានា​ធិបតី​សើ្នសុំ​ឲ្យ​ការិយាល័យ​ពាណិជ្ជកម្ម​របស់​លោក​ពិចារណា​ពី​ការ​ស៊ើប​អង្កេតលើ​ប្រទេស​ចិន​លើ​បទ​ចោទប្រកាន់​ពី​ការ​លួច​បច្ចេកវិទ្យា​និង​កម្ម​សិទ្ធិ​បញ្ញា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​សៅរ៍ ​ដែល​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP បាន​រាយការណ៍។

វិធានការ​នេះ​ត្រូវ​គេ​រំពឹងនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ​ក៏ប៉ុន្តែ ​វា​មិនមែន​ជាការ​ភ្ញាក់​ផ្អើល​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។ មិនមាន​ពេល​កំណត់​ដើម្បី​ធ្វើ​ការ​សម្រេច​ថាតើ​ការ​ស៊ើបអង្កេត​ជាការ​ចាំ​បាច់​ឬទេ។ ការស៊ើបអង្កេត​បែបនេះ​អាច​ធ្វើ​បាន​យ៉ាង​ស្រួល​កាល​ពី​ឆ្នាំ​ទៅ។

នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ប្រធានា​ធិបតី ​ត្រាំ ​បាន​សរសើរ​ប្រធានា​ធិបតី​ចិន ស៊ី ​ជីង​ពីង ​ចំពោះ​ការ​គាំទ្រ​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​ឡើង​លើ​ប្រទេស​កូរ៉េខាង​ជើង ​ហើយ​មេដឹកនាំ​ទាំង​២​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែ។

ក៏ប៉ុន្តែ ​យោង​តាមមន្រ្តី​សហរដ្ឋ​អាមេរិក​២​រូប​ដែល​បាន​ដឹង​ពី​ការ​និយាយ​តាម​ទូរស័ព្ទ​នេះ​និយាយ​ថា៖ «លោក​ប្រធានា​ធិបតី​ត្រាំ​ក៏​បាន​ប្រាប់​ប្រ​ធានា​ធិបតីស៊ី​អំពី​ចំណាត់​ការ​ឆ្ពោះ​ទៅ​កាន់​លទ្ធភាព​នៃ​ការ​ស៊ើប​អង្កេត​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន។​ មន្រ្តី​ទាំង​នោះ​និយាយ​ថា ​ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ពិភាក្សា​ជា​សាធារណៈ​អំពីការនិយាយ​ទូរស័ព្ទ​ឯកជន​នោះ​ទេ​ហើយ​សុំ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។

លោក​ប្រធានា​ធិបតី​ត្រាំ​ចង់​ឲ្យ​ពួក​មន្រ្តី​រដ្ឋាភិបាល​ពិនិត្យ​មើល​ការធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​ដែល​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ចែក​រំលែក​កម្មសិទ្ធ​បញ្ញា​របស់​ខ្លួន​ដើម្បី​បាន​ចូល​ទី​ផ្សាររបស់​ចិន​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​ទី​២​ក្នុង​ពិភព​លោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​នោះ៕