លោក Trump និង​មេដឹកនាំ​ពិភពលោក​នានា​ចូលរួម​ទិវាខួប១០០ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​លោក​លើក​ទី១

មេដឹកនាំ​នានា​ចូល​រួម​ក្នុង​ការ​រំឮកវិញ្ញាណក្ខន្ធ​និង​ខួប​នៃ​សង្រ្គាម​លោក​លើកទី​០១ កាលពី​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ចូលរួម​ទិវា​យុទ្ធសន្តិភាព​នៅ​ថ្ងៃអាទិត្យ​នេះ​ជាមួយ​នឹង​មេដឹកនាំ​ពិភពលោក​នានា​នៅឯ​វិមានសន្តិភាព Arc de Triomphe​ ក្នុង​ទីក្រុងប៉ារីស​ ប្រទេសបារាំង​ ដើម្បី​គោរពវិញ្ញាណក្ខន្ធ​ទាហាន​ពលី​ជីវិត​នៅក្នុង​សង្គ្រាម​លោកលើកទី១​ដែល​បាន​បញ្ចប់​អស់រយៈពេល​មួយសតវត្សរ៍​មក​ហើយ គឺ​នៅ​វេលាម៉ោង១១ ថ្ងៃទី១១ ខែ១១។ ទិវាយុទ្ធសន្តិភាព​នេះ​គឺ​ដូចទៅ​នឹង​ទិវាអតីត​យុទ្ធជន​នៅ​សហរដ្ឋអាមេរិក​ដែរ។ ​

កាល​ពី​ថ្ងៃសៅរ៍​លោក Trump ​បាន​លុបចោល​កម្មវិធី​ទៅ​ទស្សនា​កន្លែងបញ្ចុះសព​ទាហាន​អាមេរិកាំងនៅ​ខាងក្រៅ​ទីក្រុងប៉ារីស ជា​ទីកន្លែង​ដែល​លោក​ត្រូវ​ដាក់​កម្រងផ្កា​គោរព​គោរពវិញ្ញាណក្ខន្ធ​ទាហាន​អាមេរិកាំង​ដែល​បាន​ពលី​ជីវិត​នៅក្នុង​សង្គ្រាម​លោក​លើកទី១។ សេតវិមាន​បាន​ចេញ​សេចក្តីថ្លែងការ​មួយ​ដោយ​បាន​ឲ្យ​ដឹង​ថា ​ការលុបចោល​ទស្សនៈកិច្ច​នេះ​ដោយសារ​តែ​ពេលវេលា​មិន​អំណោយផល​និង​បញ្ហា​អាកាសធាតុ​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការចុះចត​ឧទ្ធម្ភាគចក្រ​ដឹក​ប្រធានាធិបតី​ទៅ​ទី​នោះ។ ក៏ប៉ុន្តែ​ជា​ការជំនួស​មកវិញ​ក្រុមប្រតិភូ​អាមេរិក​ដែល​ដឹកនាំ​ដោយលោក John Kelly នាយខុទ្ទការល័យ​ប្រចាំ​សេតវិមាន​ និង​នាយអគ្គសេនាធិការ​ចម្រុះ​លោក

Joe Dunford ​បាន​ទៅ​ទស្សនា​កន្លែងបញ្ចុះសព​ និង​ស្តូប​រឮកវិញ្ញាណក្ខន្ធ​ទាហាន​អាមេរិកាំង​នៅ​ក្រោមភ្លៀង​រលឹម​ស្រេចៗ​និង​បាន​គោរពវិញ្ញាណក្ខន្ធទាហាន​អាមេរិកាំង​ជិត២,៣០០នាក់​ដែល​ត្រូវ​បាន​បូជា​សព​នៅ​ទីនេះ។

មាន​ការរិះគន់​នានា​ទៅលើ​លោក Trump ថា​លោក​គួរ​តែ​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​បាន​ក្រៅ​តែ​ពី​ឧទ្ធម្ភាគចក្រ។ កាល​ពី​ថ្ងៃសៅរ៍ ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​លោកស្រី​អធិការ​បតី​អាល្លឺម៉ង់ Angela Merkel បាន​ចាប់​ដៃគ្នា​នៅ​អំឡុង​បា្ររព្ធទិវា​នេះ​នៅ​ឯ​តំបន់ព្រៃ the Compiegne Forest ​នៅ​ភាគខាងជើង​ទីក្រុងប៉ារីស​ ជា​ទីកន្លែង​ដែល​ប្រទេស​ជា​សម្ព័ន្ធមិត្តនានា​និង​ប្រទេសអាល្លឺម៉ង់​បាន​ចុះកិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាម​លោក​លើក​ទី១៕