មន្ត្រីរដ្ឋាភិបាលអាមេរិកនានាបាននិយាយថា លោកប្រធានាធិបតី Donald Trump គ្រោងនឹងថ្លែងសុន្ទរកថានៅសប្ដាហ៍ក្រោយ ដែលនៅក្នុងសុន្ទរកថានោះ លោកនឹងប្រកាសអំពីការសម្រេចចិត្តរបស់លោកអំពីថាតើសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលជាកិច្ចព្រមព្រៀងធ្វើឡើងរវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកដទៃទៀត ឬក៏យ៉ាងណានោះ។
ទីភ្នាក់ងារព័ត៌មាន The Associated Press បានរាយការណ៍ថា លោក Trump គ្រោងថ្លែងសុន្ទរកថានៅថ្ងៃទី ១២ ខែតុលា ខាងមុខនេះ គឺនៅមុនថ្ងៃទី ១៥ ខែតុលា ដែលជាកាលបរិច្ឆេទផុតកំណត់សម្រាប់លោកក្នុងការថ្លែងប្រាប់សភាអំពីគំនិតរបស់លោកដែលថាតើប្រទេសអ៊ីរ៉ង់មានបានគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានប្រទេសចំនួន ៧ ជាហត្ថលេខីនេះ ឬក៏យ៉ាងណានោះ និងថាតើកិច្ចព្រមព្រៀងនេះផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សហរដ្ឋអាមេរិកនោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បាននិយាយថា លោក Trump នឹងមានជម្រើសជាច្រើនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។ ប៉ុន្តែ លោកTillerson មិនបានបង្ហាញនូវចំណុចលំអិតអំពីជម្រើសទាំងអស់នោះទេ។
លោក Tillerson ក៏បានបដិសេធមិនឆ្លើយសំណួរដោយផ្ទាល់អំពីថាតើលោកមានបានរួមចំណែកជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis ពាក់ព័ន្ធនឹងការវាយតម្លៃឲ្យសភាបានដឹងអំពីថាតើរដ្ឋាភិបាលអ៊ីរ៉ង់មានបានគោរពទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ឬក៏យ៉ាងណានោះទេ។
លោក Trump គឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាម្នាក់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ។ កន្លងមក កិច្ចព្រមព្រៀងនេះត្រូវបានអតីតប្រធានាធិបតី Barack Obama ចាត់ទុកថាជាសមិទ្ធិផលគោលនយោបាយការបរទេសអាមេរិកដ៏មានសារៈសំខាន់មួយ៕