លោក ​ត្រាំ ​នឹង​ប្រកាស​អំពី​ជម្រើស​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​នៅ​យប់​ថ្ងៃ​អង្គារ

បេក្ខជន​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល លោក William Pryor លោក Neil Gorsuch និង​លោក Thomas Hardiman។

ប្រធានាធិបតី​អាមេរិក ​លោក ដូណាល់ ត្រាំ​ នឹង​ត្រូវ​ប្រកាស​អំពី​បេក្ខជន​សម្រាប់​តំណែង​ជា​ចៅ​ក្រម​តុលាការ​កំពូល​នៅ​យប់​ថ្ងៃ​អង្គារ​ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក។
តំណែង​ជា​ចៅ​ក្រម​ទី​៩​របស់​តុលាការ​កំពូល​នៅ​ទំនេរ​ចាប់​តាំង​ពី​លោក​ចៅ​ក្រម Antonin Scalia​ បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​មុន ដែល​លោក​ជា​ចៅក្រម​តុលាការ​កំពូល​អភិរក្ស​និយម​អស់​រយៈ​ពេល​៣០​ឆ្នាំ។

អតីត​ប្រធានាធិបតី​អាមេរិក​ លោក បារ៉ាក់ អូបាម៉ា​ បាន​តែង​តាំង​ចៅក្រម​សាលា​ឧទ្ធរណ៍ ​លោក​ Merrick Garland ​សម្រាប់​តំណែង​នេះ។ ប៉ុន្តែ​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​បដិសេធ​មិន​ព្រម​ពិចារណា​ទៅ​លើ​បេក្ខភាព​របស់​លោក ​Garland​ នោះ​ទេ​ដោយ​និយាយ​ថា​ពួកគេ​ចង់​ឲ្យ​ប្រធានាធិបតី​បន្ទាប់​ជា​អ្នក​តែងតាំង​ជំនួស​វិញ។

លោក ​Sean Spicer អ្នក​នាំពាក្យ​របស់​សេតវិមាន​បាន​ទស្សន៍ទាយ​ថា​ បេក្ខជន​ដែល​លោក ត្រាំ​ តែងតាំង​នឹង​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ពេញ​ចិត្ត។ ​លោក​បាន​និយាយ​ថា៖ «ខ្ញុំ​អាច​ធានា​ចំពោះ​អ្នក​ថា ​បុគ្គល​ម្នាក់​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​និង​ប្រជាពលរដ្ឋ​អាមេរិកាំង​មាន​មោទនភាព»។ លោក Spicer បាន​បន្ថែម​ថា លោក​ប្រធានាធិបតី​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ដំណើរការ​ជ្រើស​រើស​នេះ​យ៉ាង​ខ្លាំង។ លោក​ដឹង​ថា ការជ្រើស​រើស​នេះ​នឹង​ប៉ះពាល់​ដល់​យុទ្ធសាស្រ្ត​នៃ​តុលាការ​ប្រទេស​យើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

តុលាការ​កំពូល​បាន​បែងចែក​រវាង​អ្នក​អភិរក្ស​និយម​៤​នាក់​និង​អ្នក​សេរីនិយម​៤​នាក់ ដូច្នេះ​ជម្រើស​របស់​លោក ត្រាំ​ អាច​ស្តារ​ចំនួន​ចៅក្រម​អភិរក្ស​និយមឲ្យ​មាន​ច្រើន​ជាង​ចៅក្រម​សេរីនិយម​ឡើង​វិញ។

លោក ត្រាំ​ បាន​ពិចារណា​ទៅ​លើ​ចៅក្រម​អភិរក្ស​និយម​មួយ​ចំនួន​សម្រាប់​ការ​តែង​តាំង។ សារព័ត៌មាន​បាន​រាយការណ៍​ថា អ្នក​នាំមុខ​គេ​មួយ​ចំនួន​មាន​ដូចជា ​ចៅក្រម​សហព័ន្ធ​ លោក ​Neil Gorsuch ​និង​លោក Thomas Hardiman៕