កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមបិទព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយរំខានទំនាក់ទំនងពាណិជ្ជកម្មមានទឹកប្រាក់១.៦៨ពាន់លានដុល្លារក្នុងមួយថ្ងៃ ប្រសិនបើរដ្ឋាភិបាលរបស់លោកមិនអាចគ្រប់គ្រងលំហូរនៃជនអន្តោប្រវេសន៍គ្មានឯកសារដែលចង់ឆ្លងកាត់ពីអាមេរិកឡាទីនមកស.រ.អា.អាមេរិក។
លោក Trump បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅឯរមណីយដ្ឋាន Mar-a-Lago របស់គាត់នៅរដ្ឋ Florida ពេលលោកកំពុងសម្រាកបុណ្យ Thanksgiving ។
លោកក៏បានបញ្ជាក់សារជាថ្មីនូវសម្តីរបស់លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃពុធដែលថា ទាហានអាមេរិកនៅព្រំដែនម៉ិកស៊ិកត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់ដើម្បីការពារភ្នាក់ងារល្បាតព្រំដែន។ ការប្រកាសនេះធ្វើឡើងក្រោយពីមានការហៅទូរសព្ទទៅកាន់ទាហានអាមេរិកបម្រើនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៅថ្ងៃឈប់សម្រាកដែលផ្សាយតាមទូរទស្សន៍ចំពេលមានការរិះគន់ថា លោកមិនបានទៅជួបកងទ័ពជួរមុខទេ ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតី។
ទាហានអាមេរិកប្រមាណ៥ពាន់៨រយនាក់កំពុងអបអរពិធីបុណ្យ Thanksgiving នៅថ្ងៃព្រហស្បតិ៍នៅតាមព្រំដែនម៉ិកស៊ិកចំពេលដែលមានភាពចម្រូងចម្រាសជុំវិញការរំលោភលើច្បាប់ដែលមានអាយុ១៣០ឆ្នាំរបស់សហរដ្ឋអាមេរិកដែលហាមការប្រើប្រាស់យោធាសម្រាប់សកម្មភាពអនុវត្តច្បាប់ក្នុងស្រុក។
ថ្លែងពីការព្រួយបារម្ភអំពីចរាចរណ៍ជនអន្តោប្រវេសន៍អាមេរិកឡាទីនដែលបានមកដល់ព្រំដែនស.រ.អា.ជាមួយប្រទេសម៉ិកស៊ិកក្នុងគោលបំណងស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក លោក Trump បាននិយាយថា រដ្ឋបាលរបស់លោកនឹង«បិទព្រំដែនមួយរយៈ» ប្រសិនបើស្ថានការណ៍ឈានទទួលបានកម្រិតដែលយើងមិនអាចគ្រប់គ្រងបាននិងមានគ្រោះថ្នាក់៕