ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងថា លោកនឹងបណ្តេញវេជ្ជបណ្ឌិត Anthony Fauci ពីការងារនៅក្រោយថ្ងៃបោះឆ្នោតអាមេរិក ខណៈដែលលោកកាន់តែមានជម្លោះខ្លាំងឡើងជាមួយអ្នកឯកទេសជំងឺឆ្លងជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ ទន្ទឹមនឹងប្រទេសអាមេរិកកំពុងមានការផ្ទុះរាតត្បាតខ្លាំងបំផុតនៃពីវីរុសកូរ៉ូណាចាប់តាំងពីដើមឆ្នាំនេះមក។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រលោកក្នុងទីក្រុង Opa-locka ក្នុងរដ្ឋ Florida លោក Trump បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តរបស់លោកដែលថា ករណីផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលនៅពេលនេះបានសម្លាប់ពលរដ្ឋអាមេរិកអស់ជាង ២៣១.០០០ហើយនោះ នៅតែជាព័ត៌មានដ៏សំខាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ក្រុមអ្នកគាំទ្រលោកនៅក្នុងពិធីនោះ ស្រែកបន្ទរនូវពាក្យថា «ដេញលោក Fauci» ចេញទៅ។
លោក Trump បានឆ្លើយតបទៅអ្នកគាំទ្រលោកវិញក្នុងពិធីជួបជុំកាលពីព្រឹកថ្ងៃចន្ទថា៖ «កុំប្រាប់អ្នកដទៃ ទុកពេលឲ្យខ្ញុំបន្តិចរហូតដល់ក្រោយថ្ងៃបោះឆ្នោតសិន»។ លោកបន្ថែមថា លោកអរគុណដល់អ្នកគាំទ្រលោកដែលបានផ្តល់យោបល់ឲ្យលោកធ្វើដូចនោះ។
ក្នុងពេលថ្មីៗនេះ លោកFauci កាន់តែបានរិះគន់មិនសំចៃមាត់ដែលថា លោក Trump មិនបានស្តាប់យោបល់លោកទាក់ទងនឹងវិធីទប់ស្កាត់ជំងឺកូវីដ១៩ ដោយអ្នកជំនាញរូបនេះនិយាយថា លោកមិនបាននិយាយជាមួយលោក Trump អស់រយៈពេលជាងមួយខែមកហើយ។ លោក Fauci បានគូសបញ្ជាក់ពីសញ្ញាអាសន្នថា ប្រទេសអាមេរិកកំពុងឆ្ពោះទៅរករដូវត្រជាក់ដ៏លំបាកមួយ ប្រសិនបើគេមិនចាត់វិធានការឲ្យបានខ្លាំងជាងនេះ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នោះទេ។
ក្នុងបទសម្ភាសន៍មួយកាលពីចុងសប្តាហ៍ជាមួយកាសែត Washington Post លោក Fauci បានព្រមានថា សហរដ្ឋអាមេរិកនឹងត្រូវរង «ការឈឺចាប់ដ៏ច្រើនខ្លាំង» នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារករណីឆ្លងកូវីដ១៩ថ្មីកើនយ៉ាងគំហុក៕