ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញសេចក្ដីព្រមានមួយដល់បណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនានាថា ប្រសិនបើពួកគេមិនដកការដាក់កំហិតលើទំនិញរបស់សហរដ្ឋអាមេរិកនោះទេ នោះពួកគេនឹងប្រឈមនឹងអ្វីដែល «លើសពីការធ្វើសម្បទានទៅវិញទៅមករបស់សហរដ្ឋអាមេរិក» ទៅទៀត។
លោក Trump បានសរសេរនៅលើ Twitter យ៉ាងកាលពីថ្ងៃអាទិត្យម្សិលមិញយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកទទូចឲ្យប្រទេសទាំងអស់ដែលបានដាក់កំហិតពាណិជ្ជកម្ម និងពន្ធគយដោយមិនស្មោះត្រង់ចំពោះទំនិញដែលនាំចូលប្រទេសរបស់ពួកគេ ឲ្យដកការដាក់កំហិត និងពន្ធគយទាំងនោះចេញ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមនឹងអ្វីដែលលើសពីការធ្វើសម្បទានទៅវិញទៅមករបស់សហរដ្ឋអាមេរិកទៅទៀត»។
កន្លងមក លោក Trump បានធ្វើឲ្យដៃគូពាណិជ្ជកម្មចម្បងៗរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះមានដូចជាប្រទេសចិន កាណាដា ម៉ិកស៊ិក ឥណ្ឌា និងសហភាពអឺរ៉ុបជាដើម មានការអាក់អន់ចិត្តរួចទៅហើយ ដោយសារតែលោកបានយកពន្ធគយលើទំនិញដែកថែប អាលុយមីញ៉ូម និងផលិតផលផ្សេងៗទៀតពីប្រទេសទាំងនោះ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Trump បានគំរាមយកពន្ធគយ ២០ ភាគរយលើរថយន្តដែលបានដំឡើងនៅក្នុងសហភាពអឺរ៉ុប និងបញ្ជូនមកកាន់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹកចំពោះសហភាពអឺរ៉ុបដែលបានយកពន្ធគយលើទំនិញដែលនាំចូលពីសហរដ្ឋអាមេរិកដូចជាខោខូវប៊យ ស្រាវីស្គីអាមេរិកាំង និងម៉ូតូជាដើម។ សហភាពអឺរ៉ុបយកពន្ធគយលើទំនិញរបស់សហរដ្ឋអាមេរិកដូចនេះគឺជាការឆ្លើយតបចំពោះសហរដ្ឋអាមេរិកដែលបានយកពន្ធគយលើទំនិញដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន។
មួយវិញទៀត សហរដ្ឋអាមេរិកគ្រោងនឹងចាប់ផ្ដើមយកពន្ធលើទំនិញនាំចូលពីប្រទេសចិនដែលមានទឹកប្រាក់ច្រើនជាង ៣០ ពាន់លានដុល្លារអាមេរិកនៅក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខនេះ៕