ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​យក​ពន្ធ​គយ​លើ​ដែក​ថែប​និង​អាលុយមីញ៉ូម​មក​ពី​សហភាព​អឺរ៉ុប​ ​កាណាដា ​និង​ម៉ិកស៊ិក


រូប​ឯកសារ៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donal Trump បន្ទាប់​ពីបាន​ចុះ​ហត្ថលេខា​លើ​ការ​ប្រកាស​បង្កើត​ពន្ធ​លើ​ការ​នាំ​ចូល​ដែក​ថែប​និង​អាលុយមីញ៉ូម​នៅ​ឯ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ថ្ងៃ​ទី​៨ ខែ​មីនា​ ឆ្នាំ​២០១៨។

​សហរដ្ឋ​អាមេរិក​កំពុង​ពង្រីក​ភាព​តាន​តឹង​ខាង​ពាណិជ្ជកម្ម​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់ទិច​និង​តំបន់​អាមេរិក​ខាង​ជើង ​ដោយយក​ពន្ធគយ​ចំនួន​២៥%​លើ​ការ​នាំ​ចូល​ដែក​ថែប​និង​ពន្ធគយ​ចំនួន​១០​%​លើ​ការ​នាំ​ចូល​អាលុយមីញ៉ូម​មក​ពី​សហភាព​អឺរ៉ុប ​កាណាដា​និង​ម៉ិកស៊ិក ​ដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​សុក្រ​នេះ។

ចំណាត់​ការ​នេះ​កំពុង​បណ្ដាល​ឲ្យ​មាន​ការ​វាយ​បក​ជា​បន្ទាន់​ពី​បណ្ដា​ប្រទេស​អឺរ៉ុបដែលគេ​រំពឹង​ថា​ នឹង​សំដៅ​ការ​យក​ពន្ធ​លើ​ផលិតផល​សំខាន់​ៗ​របស់​អាមេរិក​ដូចជា​ម៉ូតូ​ធំៗ​ ស្លាក​យីហោ​ Harley Davidson ហើយ​និង​ខោ​ខូវប៊យ Levi’s ​និង​ស្រា​វីស្គី Kentuckyនិង​ Tennessee។

លោក Wilbur Ross ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានតាម​ទូរស័ព្ទកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​យើង​រំពឹង​នឹង​បន្ត​ចរចា​ទាំង​ជាមួយ​ប្រទេស​កាណាដា​និង​ម៉ិកស៊ិក ​ហើយ​និង​ជាមួយ​គណៈកម្មការ​អឺរ៉ុប ​ពីព្រោះ​មាន​បញ្ហា​ផ្សេង​ទៀត​ដែល​យើង​ចាំបាច់​ដោះ​ស្រាយ​ដែរ‍»។

លោក Jean-Claude Juncker ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ដែល​បាន​ប្រកាស​ថា ​មិន​មាន​ជម្រើស​ទេ ក៏ប៉ុន្តែ​នឹង​បន្ត​យក​បញ្ហា​នេះ​ទៅ​ដោះស្រាយនៅ​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​ និង​នៅ​លើ​ការ​យក​ពន្ធ​បន្ថែម​លើ​ទំនិញ​នាំ​ចូល​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​។

លោក Jean-Claude Juncker ​បាន​ឆ្លើយ​តប​វិញ​ថា«​នេះ​ជា​ថ្ងៃ​អាក្រក់​មួយ​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក»។ ​លោក Juncker ​បាន​និយាយ​បន្ថែម​ទៀត​ថា «​យើង​នឹង​ការពារ​ផល​ប្រយោជន៍​របស់​សហភាព​អឺរ៉ុប ​ដោយ​អនុវត្ត​យ៉ាង​ពេញ​ទំហឹង​ទៅ​តាម​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ»។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​ បាន​និយាយ​ថា ការ​យក​ពន្ធ គយ​ជា​ការ​ចាំបាច់​សម្រាប់​សន្តិសុខ​ជាតិ។​ លោក​បាន​អះអាង​ថា ​កិច្ច​ព្រមព្រៀង​នៅ​ពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​និង​បាត់​បង់​ការងារ​អាមេរិក៕

XS
SM
MD
LG