លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា លោកមានអារម្មណ៍ថាគ្មានទោសពៃរ៍ដោយការផ្តល់កសិណសាក្សីកាលពីថ្ងៃព្រហស្បតិ៍របស់លោក James Comey អតតីនាយកការិយាល័យស៊ើបការណ៍សហព័ន្ធ FBI ទេ ពីព្រោះតាមពាក្យសម្តីរបស់លោកគឺថា «មិនមានការឃុបឃិត មិនមានការរំលោភច្បាប់ទេ ហើយថាលោក Comey ជាអ្នកបញ្ចេញព័ត៌មាន»។
លោកប្រធានាធិបតី ត្រាំ បានធ្វើអត្ថាធិប្បាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមកពីពួកអ្នកយកព័ត៌មានដែលស្វះស្វែងចង់ដឹងនៅវាលស្មៅសេតវិមាន នៅក្នុងសន្និសីទកាសែតលើកទីមួយរបស់ប្រធានាធិបតីដោយទទួលសំណួរពីបណ្តាញផ្សាយព័ត៌មានក្នុងសប្តាហ៍នេះ។
លោកប្រធានាធិបតីបាននិយាយបន្តទៀតថា៖ «និយាយតាមការពិត លោក James Comey បានបញ្ជាក់យ៉ាងច្រើនពីអ្វីដែលខ្ញុំបាននិយាយ។ ហើយបញ្ហាខ្លះដែលលោក Comey បាននិយាយមិនពិតទេ»។
លោកប្រធានាធិបតីបានបង្ហាញខ្លួនជាមួយប្រធានាធិបតី Klaus Lohannis នៃប្រទេសរ៉ូម៉ានីនៅសេតវិមាន។
លោកប្រធានាធិបតី ត្រាំ ក៏បានទទួលសំណួរអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់អង្គការអូតង់ផងដែរ។ លោកប្រធានាធិបតី ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានតាំងចិត្តដល់មាត្រាទី៥ ដែលជាគោលនយោបាយការពាររួមគ្នារបស់អង្គការអូតង់ ដែលមានន័យថា «ប្រសិនបើប្រទេសណាមួយដែលជាសមាជិករបស់អង្គការអូតង់រងការវាយប្រហារ គេចាត់ទុកថាជាការវាយប្រហារប្រឆាំងប្រទេសទាំងអស់»៕