ប្រវត្តិ​ពន្ធដារ​របស់​លោក Trump ត្រូវ​បាន​ផ្តោត​លើ​សារ​ជា​ថ្មី

រូបឯកសារ៖ លោកស្រី Hillary Clinton និង​លោក Donald Trump។

ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​របស់លោកស្រី Hillary Clinton និង​លោក Donald Trump បាន​ចោទប្រកាន់គ្នា​ទៅវិញទៅមក​យ៉ាង​ខ្លាំង បន្ទាប់​ពី​កាសែត​ New York Times បាន​បោះពុម្ព​ផ្សាយ​អ្វី​ដែល​ហាក់ដូចជា​ផ្នែក​មួយ​នៃឯកសារ​ពន្ធដារ​របស់​បេក្ខជនប្រធានាធិបតីស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​រូបនេះ។

ដោយ​បាន​ត្រូវ​បញ្ជូន​បែប​អនាមិក​ទៅ​ឱ្យ​សារព័ត៌មាន​ New York Times ឯកសារ​ទាំង​នេះ​បង្ហាញ​ថា​ លោក​ Trump បាន​ប្រកា​សថា ​លោក​បាន​ខាតបង់ ៩១៦លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៩៥ ដែល​អនុញ្ញាត​ឱ្យមហា​សេដ្ឋីអចលនទ្រព្យ​រូបនេះ​មិន​បាច់​បង់ពន្ធ​លើប្រាក់ចំណូល​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ដែលមានទឹកប្រាក់​សរុប​ដូចគ្នា។

ការ​លាត​ត្រដាង​ឱ្យ​ដឹងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មានថ្ងៃ​ បន្ទាប់​ពីលោកស្រី​ Clinton ដែល​ជា​បេក្ខជនប្រធានាធិបតី​អាមេរិកាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាមពាក្យ​សម្តី​ច្រើន​ដង​អំពី​កិច្ចការ​ហិរញ្ញ​វត្ថុ​របស់លោក​និង​អំពី​ការ​ប្រកែក​របស់លោក​ក្នុង​ការ​មិន​ព្រមផ្សព្វផ្សាយឱ្យ​ដឹង​អំពី​ឯកសារ​ពន្ធដារ​របស់​លោក​នៅក្នុងការ​ជជែកដេញដោលគ្នា​រវាង​បេក្ខជនប្រធានាធិបតី​ទាំងពីរ​នាក់​កាល​ពីថ្ងៃ​ចន្ទ។

ក្រុម​អ្នក​ឃោសនា​បោះ​ឆ្នោត​ជូនលោកស្រី Clinton បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពីយប់ថ្ងៃ​សៅរ៍​ថា«ក្នុង​មួយ​ឆ្នាំ​ Donald Trump រកស៊ី​ខាតជិតមួយ​ពាន់លានដុល្លារ។ មួយពាន់លាន​ដុល្លារ​ជា​ការ​ច្បាស់លាស់គឺ​គាត់​គេចវេសមិនបង់​ពន្ធ​ដារ​ជិតពីរ​ទសវត្សរ៍​ នៅ​ពេលដែល​គ្រួសារ​អ្នកធ្វើ​ការងារ​អាមេរិកាំង​រាប់​សិប​លាន​បាន​បង់​ពន្ធដារ​របស់ពួក​គេ»៕