ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump និង​លោកស្រី Clinton ផ្អាក​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ជា​បណ្ដោះ​អាសន្ន


លោក Donald Trump ចាប់​ដៃ​ជាមួយ​លោកស្រី Hillary Clinton នៅ​ពេល​បញ្ចប់​ការ​ជជែក​ដេញ​ដោល​ជា​លើក​ទី១ នៅ​សាកលវិទ្យាល័យ Hofstra នៅ​ក្នុង​ក្រុង Hempstead កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

លោក Donald Trump និង​លោកស្រី Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​រដ្ឋ​ណា​ដែល​ខ្លួន​បាន​ទទួល​ជ័យជម្នះ​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម នៃ​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ជា​ប្រធានាធិបតី​នា​អាណត្តិ​បន្ទាប់​របស់​សហរដ្ឋ​អាមេរិក។

លោក Trump នឹង​ថ្លែង​នៅ​ក្នុង​រដ្ឋ New Hampshire រី​ឯ​លោកស្រី Clinton វិញ នឹង​ថ្លែង​នៅ​ក្នុង​រដ្ឋ Iowa ដែល​រដ្ឋ​ទាំង​ពីរ​នេះ ជា​រដ្ឋ​ដែល​បាន​ដើរ​តួនាទី​សំខាន់​បំផុត​នៅ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ប្រចាំ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី ៨ ខែ​មុន​ម្ល៉េះ។ ប៉ុន្តែ រដ្ឋ​ទាំង​ពីរ​នេះ​នឹង​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

មូលហេតុ​គឺ​ដោយសារ​ប្រព័ន្ធ​ស្ថាប័ន​រើស​ប្រធានាធិបតី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ផ្ដល់​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​នេះ​ទៅ​ឲ្យ​រដ្ឋ​ណា​ដែល​មាន​ប្រជាជន​ច្រើន​រស់នៅ ដូចជា​រដ្ឋ Michigan ជាដើម ដែល​លោក Trump នឹង​ថ្លែង​នៅ​ក្នុង​រដ្ឋ​នេះ​នៅ​ថ្ងៃ​សុក្រ​ស្អែក និង​រដ្ឋ Florida ដែល​លោកស្រី Clinton នឹង​ថ្លែង​នៅ​ក្នុង​រដ្ឋ​នេះ​នៅ​ថ្ងៃ​សុក្រ​ស្អែក​ដែរ។ រដ្ឋ Michigan មាន​បេក្ខជន​តំណាង​ចំនួន ១៦ រូប នៅ​ក្នុង​ស្ថាប័ន​រើស​ប្រធានាធិបតី។ ចំណែក​ឯ​រដ្ឋ Florida វិញ មាន​បេក្ខជន​តំណាង​ចំនួន ២៩ រូប។ រី​ឯ​រដ្ឋ Iowa និង​រដ្ឋ New Hampshire ទាំង​ពីរ​នេះ​វិញ មាន​បេក្ខជន​តំណាង​ចំនួន ១០ រូប។

បន្ទាប់ពី​បញ្ចប់​ការ​ដេញដោល​តទល់​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ អ្នក​វិភាគ​ឯករាជ្យ​ភាគ​ច្រើន​ថា លោកស្រី Clinton ឈ្នះ​លោក Trump។

ចំណែក​ឯ​ទីប្រឹក្សា​របស់​លោក Trump វិញ ពួកគេ​បាន​និយាយ​ថា ពួកគេ​បាន​បាក់​ទឹកចិត្ត​ចំពោះ​ការ​សម្ដែង​ឡើង​របស់​លោក Trump នៅ​ក្នុង​ការ​ដេញដោល​នេះ និង​មាន​គោលបំណង​ចង់​ឲ្យ​លោក Trump ហាត់​សម​ឲ្យ​បាន​ច្រើន​ជា​មុន​សិន នៅ​មុន​ពេល​ការ​ដេញដោល​តទល់​គ្នា​លើក​ទី​ពីរ​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៩ ខែ​តុលា ខាង​មុខ​នេះ៕

XS
SM
MD
LG