ក្រុម​អ្នក​គាំទ្រ​លោក Trump នឹង​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ដែល​សភា​ប្រកាស​ពី​ជ័យជម្នះ​របស់​លោក Biden នៅ​ថ្ងៃ​ពុធ​នេះ

ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ប្រមូលផ្តុំគ្នាបាតុកម្មប្រឆាំងនឹងការប្រជុំអនុម័តរបស់សភាអាមេរិកលើលទ្ធផលការបោះឆ្នោតនៃអង្គបោះឆ្នោតដែលទទួលស្គាល់ជ័យជម្នះរបស់លោក Joe Biden នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។

ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវ​គេ​រំពឹង​ថា​ នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ដែល​ពួកគេ​គាំទ្រ​ការ​ជំទាស់​របស់​លោក Trump ចំពោះ​ជ័យជម្នះ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា។

លោក Trump មាន​គម្រោង​ថ្លែង​នៅឯ​ការ​ធ្វើ​បាតុកម្ម​នេះ​នៅ​ទីលាន Ellipse នៅ​ភាគ​ខាង​ត្បូង​សេតវិមាន។

លោក Biden ក៏​មាន​គម្រោង​ថ្លែង​សុន្ទរកថា​ផងដែរ​នៅ​ថ្ងៃ​ពុធ​នេះ​ពី​គេហដ្ឋាន​របស់​លោក​ នៅ​ក្នុង​រដ្ឋ Delaware បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​មក។

សភា​ទាំង​ពីរ​ថ្នាក់​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​លទ្ធផល​របស់​អង្គ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​បញ្ជាក់​ជា​ផ្លូវការ​នូវ​ជ័យជម្នះ​របស់​លោក Biden។

មុន​ពេល​ព្រឹត្តិការណ៍​នានា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ លោក Trump បាន​បន្ត​ការ​អះអាង​ដោយ​គ្មាន​ភស្តុតាង​នៅ​លើ Twitter ថា លោក​បាន​ឈ្នះ​ការ​បោះឆ្នោត។

លោក Trump បាន​ថ្លែង​អំពី​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ចូលរួម​ក្នុង​បាតុកម្ម​នេះ​ថា៖ «ពួកគេ​នឹង​មិន​អាច​ទ្រាំទ្រ​ជាមួយ​នឹង​ការ​លួច​ប្លន់​យក​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី [របស់​យើង] លើ​ការ​បោះឆ្នោត​នេះ​បាន​ទេ»។

មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ កាលពី​យប់​ថ្ងៃ​អង្គារ​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ក្នុង​នោះ ក្រុម​ខ្លះ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ផងដែរ។

ផ្លូវ​នានា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ត្រូវ​បាន​បិទ ហើយ​អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​អ្នកស្រី Muriel Bowser បាន​ស្នើ​ដាក់​ពង្រាយ​ឆ្មាំ​ការពារ​ជាតិ ដោយ​ព្រួយ​បារម្ភ​ខ្លាច​មាន​អំពើ​ហិង្សា​កើត​ឡើង​ម្តង​ទៀត​រវាង​ក្រុម​តវ៉ា​ប្រឆាំង​នានា​ ដូច​ដែល​បាន​កើតឡើង​ម្ដង​រួច​មក​ហើយ​កាលពី​រដូវ​ក្តៅ​ឆ្នាំ​មុន។

អ្នកស្រី Bowser និង​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​រដ្ឋ Maryland និង​រដ្ឋ Virginia ដែល​នៅ​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ជំរុញ​ពលរដ្ឋ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​នៅ​ថ្ងៃ​ពុធ​នេះ និង​បញ្ចៀស​ការ​តវ៉ា​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក៕