លោក Trump ចោទ​ប្រកាន់​អ្នកស្រី Pelosi ថា​មាន​ទោស​ក្បត់​ជាតិ

លោក Adam Schiff ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​នឹងប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi នៅ​ក្នុង​វិមាន​សភា Capitol​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចោទ​ប្រកាន់​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ថា​មាន​កំហុស​ពាក់ព័ន្ធ​នឹង «ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ និង​បទ​ល្មើស​មជ្ឈិម និង​ទោស​ក្បត់​ជាតិ» ស្រប​ពេល​ដែល​សមាជិក​នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ជំរុញ​ទៅ​មុខ​នូវ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

កម្រិត​នៃ​ទោស​ដែល​លោក Trump លើក​ឡើង​នៅ​ក្នុង​សារ​តាម Twitter នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ គឺ​ដូច​ទៅ​នឹង​កម្រិត​នៃ​ទោស​ដែល​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ចាត់ទុក​ថា​ជា​កម្រិត​មួយ​ដែល​អាច​ដក​ប្រធានាធិបតី​ពី​តំណែង​បាន។

ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​កំពុង​ដំណើរការ​នៅ​ក្នុង​សប្ដាហ៍​នេះ​នៅ​ក្នុង​គណៈកម្មាធិការ​រដ្ឋសភា​មួយ​ចំនួន​ដូចជា​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ គណៈកម្មាធិការ​កិច្ចការ​បរទេស និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល។

គណៈកម្មាធិការ​ទាំង​នេះ​គ្រោង​នឹង​បើក​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​បុគ្គល​សំខាន់ៗ​មួយ​ចំនួន។ នៅ​ថ្ងៃ​អង្គារ​ស្អែក គណៈកម្មាធិការ​ទាំង​នេះ​គ្រោង​នឹង​ស្ដាប់​សក្ខីកម្ម​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​លោក Gordon Sondland។ នៅ​ថ្ងៃ​សុក្រ គណៈកម្មាធិការ​ទាំង​នេះ​គ្រោង​នឹង​ស្ដាប់​សក្ខីកម្ម​របស់​អ្នកស្រី Marie Yovanovitch ដែល​ត្រូវ​បាន​កោះ​ហៅ​មក​វិញ​នៅ​ពេល​អ្នកស្រី​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន។

គណៈកម្មាធិការ​ទាំង​នេះ​ក៏​កំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​ក្រសួង​ការបរទេស ពី​សេតវិមាន និង​ពី​លោក Rudy Giuliani ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump ពាក់ព័ន្ធ​នឹង​ដីកា​កោះ​ហៅ​សុំ​បង្ហាញ​ឯកសារ។

ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នេះ កើត​ឡើង​បន្ទាប់ពី​មាន​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ម្នាក់​ចោទ​ប្រកាន់​លោក Trump ថា​បាន​ប្រើ «អំណាច​របស់​ការិយាល័យ​លោក​ដើម្បី​ស្នើ​ឲ្យ​បរទេស​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត [ប្រធានាធិបតី​សហរដ្ឋ​អាមេរិក] ឆ្នាំ ២០២០ ខាង​មុខ» និង​បាន​ចោទ​ប្រកាន់​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Bill Barr និង​លោក​មេធាវី Giuliani ក៏​ទំនង​ជា​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ដែរ៕