ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានស្នើគម្រោងប្រជុំមួយជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Unនៅក្នុងតំបន់គ្មានកងទ័ពដែលមានទីតាំងស្ថិតនៅចន្លោះកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
លោកប្រធានាធិបតីបានសរសេរនៅក្នុង Twitter ថា «យើងកំពុងពិចារណាជ្រើសរើសទីតាំងប្រជុំក្នុងប្រទេសជាច្រើន ប៉ុន្តែទីតាំងដែលមានសន្តិភាព និងសេរីភាពនៅតាមព្រំដែនរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង នឹងក្លាយជាទីតាំងតំណាង មានសារៈសំខាន់ និងជាទីតាំងចុងក្រោយ ល្អជាងប្រទេសទីបីទៅទៀត។ នេះគ្រាន់តែជាសំណួរទេ»។
លោក Trump បានបង្ហាញសុទិដ្ឋិនិយមនៅចុងសប្តាហ៍នេះអំពីផែនការប្រជុំជាមួយលោក Kim ដែលត្រូវបានកំណត់បណ្តោះអាសន្ននៅក្នុងខែឧសភា ឬដើមខែមិថុនា បន្ទាប់ពីកិច្ចសន្ទនាជាមួយលោក Moon និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោក Trump បានសរសេរថា «លោក Kim ទទួលបានលទ្ធផលដ៏ល្អពីកិច្ចប្រជុំ» ជាមួយលោក Moon និងបានជូនដំណឹងថ្មីៗដល់លោក Abe អំពីផែនការប្រជុំកំពូល ជាមួយលោក Kim។
មេដឹកនាំសំខាន់ៗរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការកើនឡើងសុទិដ្ឋិនិយម នៃការខិតកាន់តែជិតទៅរកការបញ្ចប់អរិភាពដែលកើតឡើងអស់រាប់ទសវត្សរ៍នៅក្នុងឧបទ្វីបកូរ៉េទាំងមូល។
កាលពីថ្ងៃសុក្រ លោក Kim បានក្លាយជាមេដឹកនាំកូរ៉េខាងជើងលើកដំបូង ដែលបានឈានជើងចូលក្នុងទឹកដីកូរ៉េខាងត្បូង នៅពេលដែលលោកបានដើរឆ្លងកាត់ព្រំដែនទៅចាប់ដៃប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។
មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងអស់ចេញពីឧបទ្វីបកូរ៉េទាំងមូល និងបានសច្ចាថានឹងបន្តកិច្ចចរចាដែលនឹងនាំមកនូវការបញ្ចប់សង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ។
ប្រទេសកូរ៉េខាងជើងធ្លាប់បានប្តេជ្ញាចិត្តស្រដៀងគ្នានេះកាលពីពេលកន្លងទៅ អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានបរាជ័យក្នុងការអនុវត្ត។ នៅពេលសួរថាតើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅពេលនេះ ជាការពិតដែរឬទេ? លោក Trump បានឆ្លើយថា «យើងនឹងមិនឲ្យគេបោកបញ្ឆោតនោះទេ»។
កាលពីថ្ងៃអាទិត្យ មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា លោក Kim Jong Un មានផែនការអញ្ជើញក្រុមអ្នកជំនាញ និងអ្នកសារព័ត៌មានពីទីក្រុងសេអ៊ូល និងសហរដ្ឋអាមេរិក ដើម្បីទៅត្រួតពិនិត្យនៅពេលដែលទីក្រុងព្យុងយ៉ាងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅក្នុងខែឧសភានេះ៕