ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ចិន​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង


លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង Ri Yong Ho មុន​កិច្ចប្រជុំ​ទ្វេ​ភាគី​របស់​ពួកគេ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។
លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង Ri Yong Ho មុន​កិច្ចប្រជុំ​ទ្វេ​ភាគី​របស់​ពួកគេ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​សប្ដាហ៍​នេះ ក្រោយ​ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​បញ្ចប់​រួច​មក។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៣ ខែ​ឧសភា​ខាង​មុខ​នេះ តប​តាម​ការ​អញ្ជើញ​របស់​សមភាគី​កូរ៉េ​ខាង​ជើង​របស់​លោក។ សេចក្ដី​ប្រកាស​សង្ខេប​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ មិន​បាន​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​ណា​មួយ​អំពី​គោល​បំណង​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​បាន​និយាយ​ថា លោក Kim Jong Un មាន​គម្រោង​អញ្ជើញ​អ្នក​ជំនាញ និង​អ្នក​សារព័ត៌មាន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ពី​សហរដ្ឋ​អាមេរិក ឲ្យ​មក​មើល​នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បិទ​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ABC News ថា លទ្ធផល​ល្អ​បំផុត​ដែល​អាច​ទៅ​រួច​សម្រាប់​ជំនួប​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក Kim Jong Un នៅ​ក្នុង​រយៈពេល ៣ ទៅ ៤ សប្ដាហ៍​ខាង​មុខ​នេះ គឺ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ត្រូវតែ​ដោះលែង​ពលរដ្ឋ​អាមេរិកាំង ៣ រូប ដែល​ខ្លួន​កំពុង​ដាក់​ឃុំ និង​យល់ព្រម​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ «មិន​អាច​កែប្រែ​បាន» និង «អាច​ផ្ទៀងផ្ទាត់​បាន»។

លោក Pompeo មិន​បាន​ធ្វើ​ការ​សន្យា​ណា​មួយ​លើ​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង នៅ​មុន​ជំនួប​រវាង​លោក Trump និង​លោក Kim Jong Un ចូល​មក​ដល់​នោះ​ទេ និង​ថែម​ទាំង​បាន​បញ្ជាក់​ថា ប្រសិនបើ​ការ​ពិភាក្សា​រវាង​មេដឹកនាំ​ទាំង​ពីរ​បរាជ័យ «សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក Kim Jong Un បន្ត​គំរាម​សហរដ្ឋ​អាមេរិក​ជា​បន្ត​ទៀត​នោះ​ទេ»៕

XS
SM
MD
LG