នៅល្ងាចថ្ងៃសុក្រនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទៅដល់មន្ទីរពេទ្យយោធាជាតិ Walter Reed ដើម្បីសម្រាកព្យាបាលជំងឺកូវីដ១៩ រយៈពេល «ពីរបីថ្ងៃ» ដែលជាវិធានការការពារ និងតាមការណែនាំរបស់គ្រូពេទ្យនិងក្រុមអ្នកជំនាញវេជ្ជបណ្ឌិត។
លោក Trump បានបង្ហាញខ្លួនជាលើកដំបូង បន្ទាប់ពីលោកបានធ្វើតេស្តរកឃើញថា បានឆ្លងវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ ដោយលោកបានឡើងឧទ្ធម្ភាគចក្រ Marine One ចាកចេញពីសេតវិមាន ឆ្ពោះទៅកាន់មន្ទីរពេទ្យយោធាជាតិ Walter Reed ខណៈនៅសហរដ្ឋអាមេរិកជំងឺកូវីដ១៩នេះ បានសម្លាប់មនុស្សជាង ២០៥.០០០នាក់។
លោកប្រធានាធិបតី Trump បានដើរចេញពីសេតវិមាន ហើយបានលើកមេដៃឡើងលើ (ដែលបង្ហាញស្មារតីល្អ) ប៉ុន្តែលោកមិនបាននិយាយអ្វីនោះទេ។ ក្រុមអាកាសយានិក ទីភ្នាក់ងារការពារប្រធានាធិបតី និងបុគ្គលិកសេតវិមាន បានពាក់ម៉ាស់ដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩ ខណៈលោកប្រធានាធិបតី Trump ឡើងឧទ្ធម្ភាគចក្រ។
នៅក្នុងវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter លោកប្រធានាធិបតី Trump បានថ្លែងអរគុណដល់សារនានាដែលបានផ្ញើជូនពរដល់លោក និងភរិយាគឺលោកស្រី Melania Trump។
លោកក៏បានថ្លែងបន្ថែមថា៖ «ខ្ញុំយល់ថា ខ្ញុំមានសុខភាពល្អ ប៉ុន្តែយើងនឹងធ្វើកិច្ចការចាំបាច់ ដើម្បីឲ្យបានរើបពីជំងឺនេះ»។
មន្ត្រីសេតវិមាន ឲ្យដឹងថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោកប្រធានាធិបតីរយៈពេល«ពីរបីថ្ងៃ» នេះ គឺជាវិធានការការពារ ហើយថា លោកប្រធានាធិបតី នឹងធ្វើកិច្ចការរបស់លោកពីបន្ទប់សម្រាករបស់លោក នៅក្នុងមន្ទីរពេទ្យនេះដែលមានបំពាក់ទៅដោយសម្ភារៈគ្រប់បែបយ៉ាង ដែលអនុញ្ញាតឲ្យលោកបំពេញកាតព្វកិច្ចផ្លូវការរបស់លោកបាន។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Kayleigh McEnany បានថ្លែងថា៖ «លោកប្រធានាធិបតី Trump នៅតែមានស្មារតីល្អ មានរោគសញ្ញាស្រាល និងកំពុងធ្វើកិច្ចការរបស់លោកពេញមួយថ្ងៃ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា៖ «ជាវិធានការការពារនិងជាការណែនាំពីគ្រូពេទ្យនិងអ្នកជំនាញវេជ្ជសាស្ត្រលោកប្រធានាធិបតី នឹងធ្វើការពីការិយាល័យរបស់លោក ដែលស្ថិតក្នុងមន្ទីរពេទ្យយោធាជាតិ Walter Reed រយៈពេលពីរបីថ្ងៃ»។
នៅថ្ងៃសុក្រនេះ មន្ត្រីសេតវិមាន ក៏បានឲ្យដឹងថា លោក Trump ត្រូវបានចាក់ថ្នាំដែលផ្សំឡើងពីសារធាតុអង់ទីករបែបពិសោធន៍មួយ ដោយគ្រូពេទ្យប្រចាំសេតវិមាន។
ក្នុងរយៈពេលជាងមួយខែមុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកមកដល់ ការឆ្លងជំងឺកូវីដ១៩ របស់លោក Trump ត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមសារលើបណ្តាញ Twitter របស់លោក បន្ទាប់ពីលោកបានត្រឡប់ពីចូលរួមកម្មវិធីរៃអង្គាសថវិកាសម្រាប់សកម្មភាពនយោបាយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា៕