ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានបញ្ជាក្រុមមន្រ្តីឲ្យចាប់ផ្តើមដំណើរការដំឡើងពន្ធគយលើការនាំចូលទំនិញសំខាន់ៗទាំងអស់ដែលនៅសេសសល់ពីប្រទេសចិនដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារ។ នេះបើយោងតាមតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
លោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានធ្វើការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្ របន្ទាប់ពីសហរដ្ឋអាមេរិក បង្កើនពន្ធ គយពីចំនួន ១០ ភាគរយទៅ ២៥ ភាគរយ លើទំនិញនាំចូលរបស់ចិនដែលមានតម្លៃ ២ រយពាន់លានដុល្លារ។
លោកបាននិយាយថា សេចក្តីលម្អិតនៃដំណើរការនោះសម្រាប់ការយកពន្ធគយបន្ថែមទៀត នឹងត្រូវចេញផ្សាយភា្លមៗ។
ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកនិងចិន បានបញ្ចប់ការចរចាពាណិជ្ជកម្មនៅពេលថ្មីៗបំផុតនេះដោយមិនមានការប្រកាសការព្រមព្រៀងគ្នា។
រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin និងលោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានជួបគ្នារយៈពេលខ្លីកាលពីថ្ងៃសុក្រ ជាមួយគណៈប្រតិភូចិន ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តីលោក Liu He។ បន្ទាប់ពីចរចា លោក Mnuchin បានថ្លែងត្រួសៗទៅកាន់អ្នកយកព័ត៌មានដោយនិយាយថា ការពិភាក្សានេះ មានការស្ថាបនា។
បន្ទាប់ពីការចរចាបានបញ្ចប់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បាន បញ្ជូនសារតាម Twitter កាលពីថ្ងៃសុក្រថា ទំនាក់ទំនងជាមួយប្រធានាធិបតី លោកស៊ី ជីនពីង នៅតែរឹងមាំហើយថា ការសន្ទនានឹងបន្ត ក៏ប៉ុន្តែសហរដ្ឋអាមេរិក នឹងដាក់ពន្ធគយលើប្រទេសចិនដែលអាច ឬមិនអាចដកចេញ៕