ប្រទេសជាសម្ព័ន្ធមិត្តនានារបស់អាមេរិកបានស្វាគមន៍យ៉ាងប្រុងប្រយ័ត្នចំពោះការប្រកាសអំពីជំនួបកំពូលលើកទីពីររវាងលោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-unដែលនឹងរៀបចំធ្វើឡើងនៅក្នុងខែនេះ នៅទីក្រុងដាណាង ប្រទេសវៀតណាម។
គម្រោងជំនួបកំពូលនេះគឺជាការប្រកាសអំពីគោលនយោបាយការបរទេសដ៏សំខាន់មួយកាលពីថ្ងៃអង្គារនៅអំឡុងពេលថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធរបស់លោក Trump។ លោក Trump បានថ្លែងថា ការចាប់ផ្តើមទំនាក់ទំនងឡើងវិញជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលផ្តើមចេញពីជំនួបកំពូលនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំមុន គឺជាជោគជ័យមួយដ៏សំខាន់នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។
លោក Trump បានថ្លែងនៅចំពោះមុខសមាជិកសភា និងភ្ញៀវកិត្តិយសដែលបានជួបជុំគ្នានៅរដ្ឋសភាជាតិ Capitol Hill ថា «ការសាកល្បងអាវុធនុយក្លេអ៊ែរត្រូវបានបញ្ចប់ ហើយការបាញ់សាកល្បងកាំជ្រួញម៉ីស៊ីលក៏ត្រូវបានបញ្ឈប់ជាង១៥ខែមកហើយ។
លោក Trump បានថ្លែងបន្តទៀតថា អាមេរិកប្រហែលជាធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ប្រសិនបើលោកស្រី Hillary Clintonឈ្នះឆ្នោតកាលពីឆ្នាំ២០១៦។
លោកស្រី Leslie Vinjamuri ប្រធានវិទ្យាស្ថានកិច្ចការអន្តរជាតិ Chatham House បានថ្លែងថាមិនមានការវិវត្តនៅក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង ដូចការអះអាងរបស់លោកប្រធានាធិបតីទេ។ មានភស្តុតាងបង្ហាញថា កូរ៉េខាងជើងនៅតែតាំងចិត្តផលិតនុយក្លេអ៊ែរ»។ អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងជើងបានថ្លែងថា«យើងសង្ឃឹមថាមេដឹកនាំទាំងពីរនឹងចាត់វិធានការជាក់លាក់និងសកម្មភាពជាក់ស្តែងនៅក្នុងជំនួបកំពូលនៅវៀតណាម»។ លោកប្រធានាធិបតីបានសន្យាដកកងទ័ពអាមេរិកាំងចេញពីសមរភូមិនានានៅក្រៅប្រទេស។
លោក Trump បាននិយាយថា អាមេរិកបានចំណាយប្រាក់ជាង៧លានលានដុល្លារនៅតំបន់មជ្ឈិមបូព៌ា។ លោកបានបន្ថែមថា កិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបាននៅអាហ្វហ្គានីសា្ថនត្រូវតែផ្តល់ឱកាសដល់យើង ហើយក្រុមភេរវកម្មរដ្ឋឥស្លាមនៅស៊ីរីត្រូវបានបង្ក្រាបជាទ្រង់ទ្រាយធំរួចហើយ។ ប៉ុន្តែលោកស្រី Leslie Vinjamuri ថាការបារម្ភនានាកំពុងតែកើនឡើងក្នុងចំណោមប្រទេសជាសម្ព័ន្ធមិត្តពាក់ព័ន្ធនឹងការដកកងទ័ពចេញពីតំបន់៕