ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុន្ទរកថា​លោក Trump ស្ដីពី​ស្ថានភាព​សហព័ន្ធ​ផ្នែក​គោល​នយោបាយ​ការបរទេស​ផ្ដោត​លើ​ជម្លោះ និង​ពាណិជ្ជកម្ម


រូបឯកសារ៖ រូបរបស់ប្រធានាធិបតីអាមេរិកលោក​ Donald Trump នៅអគារជួញដូរមូលប័ត្រ New York Stock Exchange 
រូបឯកសារ៖ រូបរបស់ប្រធានាធិបតីអាមេរិកលោក​ Donald Trump នៅអគារជួញដូរមូលប័ត្រ New York Stock Exchange 

លោក Trump បាន​កត់​សម្គាល់​អំពី​ផល​ប៉ះពាល់​ធំធេង​នៃ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់ ដែល​បណ្ដាល​ឲ្យ​ទាហាន​អាមេរិកាំង​ស្លាប់​ជិត ៧ ពាន់​នាក់​តាំង​ពី​ឆ្នាំ ២០០១ មក។

នៅ​ក្នុង​ផ្នែក​គោល​នយោបាយ​ការបរទេស​នៃ​សុន្ទរកថា​ស្ដីពី​ស្ថានភាព​សហព័ន្ធ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​បាន​និយាយ​អំពី​ការ​បញ្ចប់​ជម្លោះ​នានា ដែល​ទាហាន​អាមេរិកាំង​បាន​វាយ​ប្រយុទ្ធ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក និង​រារាំង​នូវ​អ្វី​ដែល​លោក​យល់​ថា​ជា​ជម្លោះ​នៅ​ពេល​អនាគត​ដែល​មិន​អាច​ជៀស​បាន ប្រសិនបើ​រដ្ឋបាល​របស់​លោក​មិន​មាន​គោល​នយោបាយ​លើ​រឿង​នេះ​ទេ។

លោក Trump បាន​កត់​សម្គាល់​អំពី​ផល​ប៉ះពាល់​ធំធេង​នៃ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់ ដែល​បណ្ដាល​ឲ្យ​ទាហាន​អាមេរិកាំង​ស្លាប់​ជិត ៧ ពាន់​នាក់​តាំង​ពី​ឆ្នាំ ២០០១ មក។

លោក​បាន​និយាយ​ថា បន្ទាប់​ពី​បាន​វាយ​ប្រយុទ្ធ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​លោក ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល «យ៉ាង​ហោច​ណាស់​ព្យាយាម​ដើម្បី​សន្តិភាព» ដោយ​លោក​បាន​និយាយ​ថា ពួក​តាលីបង់​ចង់​បាន​ដូច​គ្នា​នេះ​ដែរ។

លោក Trump និយាយ​ដូច្នេះ​ថា៖ «រដ្ឋបាល​របស់​ខ្ញុំ​បាន​ធ្វើ​ការ​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​នឹង​ក្រុម​នានា​នៅ​អាហ្វហ្គានីស្ថាន ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុម​ពួក​តាលីបង់​ផង​ដែរ។ ស្រប​ពេល​ដែល​ការ​ចរចា​ទាំង​នេះ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ យើង​នឹង​អាច​កាត់​បន្ថយ​វត្តមាន​របស់​ទាហាន​របស់​យើង និង​ផ្ដោត​លើ​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម»។

លោក​ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ដក​កងទ័ព​អាមេរិកាំង​ចេញ​ពី​ប្រទេស​ស៊ីរី​ផង​ដែរ ដែល​នៅ​ទី​នោះ ពួកគេ​បាន​វាយ​ប្រយុទ្ធ​ដើម្បី​កម្ទេច​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម តាំង​ពី​ក្រុម​នេះ​បាន​វាយ​ដណ្ដើម​យក​តំបន់​ជា​ច្រើន​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ និង​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី​កាល​ពី​ឆ្នាំ ២០១៤។

ចំណុច​សំខាន់​មួយ​ទៀត លោក Trump បាន​លើក​ឡើង​ពី​វិស័យ​ពាណិជ្ជកម្ម ជា​ពិសេស​គឺ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ចិន ដែល​លោក​បាន​បញ្ជាក់​ថា ការ​ចរចា​នៅ​បន្ត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ដែល​រួម​បញ្ចូល​នូវ​ការ​ការពារ​ការងារ​អាមេរិក ការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ការ​បញ្ចប់​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG