លោក Jared Kushner ដែលជាកូនប្រសានិងជាទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រឈមនឹងការសាកសួរដែលមិនផ្សព្វផ្សាយជាសាធារណៈមួយកាលពីថ្ងៃអង្គារ ជាមួយនឹងគណៈកម្មាធិការស៊ើបអង្កេតរបស់រដ្ឋសភា។ ការសាកសួរនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់អាមេរិកកាលពីឆ្នាំមុន។ ខណៈដែលលោកដើរចូលទៅក្នុងបន្ទប់សាកសួរ លោក Kusher បានញញឹម ប៉ុន្តែលោកមិនបានថ្លែងអ្វីទៅកាន់អ្នកព័ត៌មាននោះទេ។
លោកបានថ្លែងកាលពីថ្ងៃចន្ទទៅកាន់គណៈកម្មាធិការស៊ើបអង្កេតរបស់ព្រឹទ្ធសភានៅក្នុងការសាកសួរដែលមិនផ្សព្វផ្សាយជាសាធារណៈដូចគ្នានេះដែរ ហើយលោកក៏បានបដិសេធជាសាធារណៈថា លោកឬអ្នកផ្សេងទៀតដែលជាក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ មិនបានមានទំនាក់ទំនងមិនត្រឹមត្រូវអ្វីជាមួយនឹងរុស្ស៊ី មុនឬក្រោយការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០១៦នោះទេ។
លោក Kushner បានថ្លែងនៅឯសេតវិមាននៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយក្រោយកិច្ចប្រជុំជាមួយនឹងគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាថា «ខ្ញុំមិនបានឃុបឃិតជាមួយនឹងរុស្ស៊ី ឬដឹងថានរណាម្នាក់ដែលជាក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ត្រាំ បានធ្វើដូច្នេះនោះទេ»។
លោក Kushner ក៏បានបដិសេធថា មិនបានមាន «ទំនាក់ទំនងមិនត្រឹមត្រូវ» ជាមួយរុស្ស៊ីនោះទេ ហើយលោកក៏បានបន្ថែមទៀតថា «ខ្ញុំមិនបានពឹងផ្អែកលើមូលនិធិរុស្ស៊ីដើម្បីធ្វើជំនួញរបស់ខ្ញុំនោះទេ ហើយខ្ញុំមានតម្លាភាពពេញលេញក្នុងការផ្តល់ព័ត៌មាននានាតាមការស្នើសុំ»៕