កាលពីថ្ងៃចន្ទ លោក Jared Kushner កូនប្រសារនិងជាទីប្រឹក្សាជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីស.រ.អា. បានបដិសេធថាលោកហើយនិងអ្នកផ្សេងទៀតក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ត្រាំ មិនបានធ្វើការទាក់ទងមិនសមស្របជាមួយរុស្ស៊ីទេ នៅមុននិងក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦នោះ។
ក្នុងសេចក្តីថ្លែងការណ៍សង្ខេបនៅសេតវិមាន ដែលធ្វើឡើងក្រោយពីបានឆ្លើយសំណួរក្នុងកិច្ចប្រជុំបិទទ្វារជាមួយអ្នកស៊ើបអង្កេតរបស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភា លោក Kushner បានថ្លែងថា៖ «ខ្ញុំមិនបានឃុបឃិតជាមួយរុស្ស៊ីទេ ហើយខ្ញុំក៏មិនបានដឹងថា មានអ្នកផ្សេងក្នុងយុទ្ធនាការនេះធ្វើដូច្នេះដែរ។
នេះជាការសាកសួរលើកទី១នៃការសាកសួរពីរលើកនៅសប្តាហ៍នេះដោយគណៈកម្មការសភា។ លោក Kushner និយាយថា៖ «ខ្ញុំមិនបានធ្វើទំនាក់ទំនងមិនសមស្របនោះទេ។ ខ្ញុំមិនបានពឹងលើមូលនិធិរុស្ស៊ីសម្រាប់មុខជំនួញរបស់ខ្ញុំទេ។ ហើយខ្ញុំបង្ហាញតម្លាភាពទាំងស្រុងក្នុងការផ្តល់ព័ត៌មានទាំងអស់ដែលបានសួរ»។
លោក Kushner និយាយថា សកម្មភាពរបស់លោកទាំងអស់សុទ្ធតែត្រឹមត្រូវ ហើយធ្វើឡើងតាមលក្ខណៈធម្មតាក្នុងយុទ្ធនាការពិសេស។ លោក Donald Trump Jr កូនប្រុសរបស់លោកប្រធានាធិបតីនិង លោក Paul Manafort អតីតនាយកយុទ្ធនាការបោះឆ្នោតលោកប្រធានាធិបតីក៏ផ្តល់ព័ត៌មានឲ្យក្រុមប្រឹក្សាមួយទៀតគឺគណៈកម្មាធិការយុត្តិធម៌ព្រឹទ្ធសភា៕