ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងស្នើឲ្យកាត់បន្ថយយ៉ាងខ្លាំងទៅលើអត្រាពន្ធសហគ្រាសនៅក្នុងសហរដ្ឋអាមេរិក ដែលអត្រាពន្ធនេះជាអត្រាខ្ពស់ជាងគេបំផុតមួយក្នុងចំណោមប្រទេសដែលមានឧស្សាហកម្មជឿនលឿននៅក្នុងពិភពលោក។
លោក ត្រាំ គ្រោងនឹងបង្ហាញផែនការពន្ធរបស់លោកនៅថ្ងៃពុធនេះ ដោយទីប្រឹក្សារបស់លោកនិយាយថា លោកនឹងស្នើដល់សភាឲ្យកាត់អត្រាពន្ធបច្ចុប្បន្ននេះ ពី៣៥ទៅ១៥ភាគរយ។ វិធានការនេះគឺជាការសន្យារបស់លោកដែលបានលើកឡើងនៅក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។
តំណាងរាស្ត្រអាមេរិកបានប្តេជ្ញាអស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងការអនុម័តលើការធ្វើកំណែទម្រង់ពន្ធដែលមានលក្ខណៈទូលំទូលាយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះបានបរាជ័យនៅពេលដែលពួកគេមិនអាចផ្សះផ្សាការទាមទារប្រជែងគ្នាក្នុងការបំបាត់គម្លាតអត្រាពន្ធរបស់សហគ្រាសនិងបុគ្គល និងតំឡើងពន្ធទៅលើវិស័យផ្សេងវិញ៕